ភ្នំពេញ៖ លោកស្រី Miwako Fujiwara ដែលជាតន្ត្រីករជនជាតិជប៉ុន បានផ្តួចផ្តើមរៀបចំឲ្យមានការប្រគុំតន្ត្រីសប្បុរសធម៌មួយ ដើម្បីប្រមូលថវិការជួយដល់ កុមារមានពិការភាព នៅកម្ពុជា នៅថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីម៉ោង ៦ល្ងាច តទៅ។
ក្រុមតន្ត្រី ‘Musica Felice’ ដែលប្រែជាភាសាខ្មែរថា ‘ចម្រៀងសប្បាយរីករាយ’ មានតន្ត្រីករ ចំនួន២៥ នាក់ ដឹកនាំដោយលោកស្រី Miwako Fujiwara បានរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌នេះ អស់រយៈពេល ៤ឆ្នាំមកហើយ ហើយនៅឆ្នាំនេះ គឺជាលើកទី ៥ ដោយមានគោលបំណង មិនខុសពីឆ្នាំកន្លងទៅនោះឡើយ គឺដើម្បីប្រមូលថវិការ ដែលបានមកពីការលក់សំបុត្រ ចូលទស្សនាទាំងអស់ បរិច្ចាគទៅសាលាតន្ត្រី Khrousar និងអង្គការ Light of Mercy Home។
តាមរយៈសកម្មភាពសប្បុរសធម៌នេះ អ្នករៀបចំកម្មវិធីរំពឹងថា នឹងអាចជួយឲ្យ កុមារមានពិការភាព នៅកម្ពុជា ជាច្រើននាក់បន្ថែមទៀត ដើម្បីទទួលបាននូវទីកន្លែងស្នាក់នៅសមរម្យ ឬមជ្ឈមណ្ឌល សម្រាប់ពួកគេអាចទទួលបានការបណ្ដុះបណ្ដាល និងរស់នៅជាមួយកុមារដទៃទៀត ដែលមានបញ្ហាប្រឈមស្រដៀងគ្នា។
បើយោងតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ក្រុមតន្ត្រី ‘Musica Felice’ នឹងប្រគុំជូននូវបទភ្លេងល្បីៗ ដូចជាបទ Canon ដែលនិពន្ធដោយលោក Pachelbel និងបទភ្លេងល្បីៗមួយចំនួនទៀត របស់លោក Mozart ក៏នឹងត្រូវប្រគុំនៅក្នុងរាត្រីនោះផងដែរ។
លើសពីនេះទៅទៀត នៅពាក់កណ្តាលវគ្គទី២ នៃកម្មវិធី អ្នកចូលរួម នឹងបានលំហែអារម្មណ៍ជាមួយបទភ្លេងពិរោះៗ ដែលត្រូវបានគេប្រើប្រាស់ក្នុងរឿងល្បីៗ ក៏ដូចជាបទភ្លេងដែលនិពន្ធផ្ទាល់ ដោយលោក សាយ តុលា ដែលនឹងសម្តែងរួមគ្នាជាមួយក្រុមកុមារ មកពីអង្គការ Light of Mercy Home។
មួយវិញទៀត ទស្សនីយភាពល្អគ្មានពីរ នៃការប្រគុំបទភ្លេងជាក្រុម ដោយប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណីបុរាណខ្មែរ រួមជាមួយឧបករណ៍ភ្លេងសម័យ ដែលអ្នកពិតជាមិនធ្លាប់បានស្ដាប់ពីមុនមក នឹងធ្វើឲ្យអ្នកចូលរួមទាំងអស់ មានការភ្ញាក់ផ្អើលជាក់ជាមិនខានឡើយ។
លោកស្រី Miwako Fujiwara បានលើកឡើងថា៖ “ទេពកោសល្យរបស់តន្ត្រីករនៅកម្ពុជា តែងតែធ្វើឲ្យខ្ញុំមានភាពស្ញប់ស្ញែងខ្លាំងបំផុត។ ខ្ញុំពិតជាសប្បាយរីករាយជាពន់ពេក ក្នុងការសម្តែងជាថ្មីម្តងទៀតជាមួយក្រុមតន្ត្រីករ Musica Felice ក្នុងកម្មវីធីដ៏សំខាន់មួយនេះ។ ខ្ញុំក៏ធ្លាប់បានធ្វើការជាមួយកុមារមកពី Light of Mercy Home អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ពួកគេគឺជាក្មេងល្អខ្លាំងណាស់”។
ការប្រគុំតន្ត្រីសប្បុរសធម៌នេះ ទទួលបានការផ្ដល់ទីតាំងជូនដោយ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលតែងតែគាំទ្រសិល្បៈយ៉ាងខ្លាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានប្រាប់ឲ្យដឹងថា៖ “ការប្រគុំតន្ត្រីនេះ គឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកតន្ត្រី ជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដ៏ដូចជាជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួមចំណែកជួយបរិច្ចាកថវិការ ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីមួយ ដល់កុមារកម្ពុជា ដែលកំពុងមានបញ្ហាលំបាក។”
ការប្រគុំតន្ត្រីសប្បុរសធម៌នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២ ខែមិថុនា ចាប់ពីម៉ោង ៦ ល្ងាច នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សំបុត្រចូលទស្សនា ដែលនឹងត្រូវបរិច្ចាកទាំងស្រុងនោះ មានតម្លៃ ១០ ដុល្លារសម្រាប់មនុស្សធំ និង ៥ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ ហើយសំបុត្រ កំពុងត្រូវបានដាក់លក់នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា និងនៅហាងកាហ្វេ Socials ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម៕