ផ្ទាំងគំនូរ គន់​មិនចេះ​ណាយ របស់​វិចិត្រករ ឈើ​ន ចាន់នី នឹងត្រូវ​ដាក់តាំង​បង្ហាញ នៅ​រាជធានី​ភ្នំពេញ​

3355

​ភ្នំពេញ​៖ ស្នាដៃ​សិល្បៈ​គំនូរ​ដ៏​អស្ចារ្យ ធ្លុះ​ប​ញ្ជាំ​ង​ពី​សម្រស់​បរិស្ថាន​ធម្មជាតិ បែប​ព្រៃភ្នំ និង​សត្វព្រៃ បង្កប់​នូវ​អត្ថន័យ​ការពារ​បរិស្ថាន និង ជីវចំរុះ របស់​វិចិត្រករ ឈើ​ន ចាន់នី នឹងត្រូវ​យកមក​ដាក់​តាំង​បង្ហាញ នៅ​ សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា ចាប់ពី​ខែសីហា រហូតដល់​ខែតុលា ឆ្នាំ​២០១៩ ខាងមុខ​នេះហើយ​។​

​ស្នាដៃ​សិល្បៈ​គំនូរ ដែល​លោក ឈើ​ន ចាន់នី នឹង​យកមក​ដាក់តាំង​បង្ហាញ មាន​ចំណងជើង​ថា “Out of Control” ឬ​ជា​ភាសា​ខ្មែរ​មានន័យថា “​មិនអាច​គ្រប់គ្រង​បាន​” ដែលមាន​គោលបំណង​ឆ្លុះបញ្ចាំង ពី​បញ្ហា​ប្រឈម​មួយចំនួន ដែលជា​ហានិភ័យ ដល់​ជីវិត​សត្វ​ស្លាប​ដោយសារ​ការបំពុល​បរិស្ថាន និង​បញ្ហា​ក្នុងសង្គម​កម្ពុជា​សព្វថ្ងៃ ដែល​បញ្ហារ​ទាំងនោះ គឺ​មិនអាច​គ្រប់គ្រង​បាន​នៅឡើយ ដូចជា​ការសេព​គ្រឿង​ស្រវឹង និង ផ្សែង​បារី​ជាដើម​។​

​វិចិត្រករ វ័យ​៣១​ឆ្នាំ​រូបនេះ មាន​ក្ដី​រំពឹងទុក​ចំពោះ​ការដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ថា នេះ​គឺជា​ឱកាស​មួយ ដែល​អាច​អប់រំ​មនុស្ស អោយបាន​យល់ដឹង​ពី​បញ្ហារ​ទាំងនេះ តាមរយៈ​ផ្ទាំងគំនូរ​របស់លោក បើទោះជា​ផ្ទាំងគំនូរ​ទាំងនេះ មិនអាច​បញ្ឈប់​ទង្វើ​អាក្រក់​ទាំងអស់​ក៏ដោយ យ៉ាងហោចណាស់​ក៏បាន​ខ្លះ​ដែរ ក្នុងការ​ចូលរួម​នៅក្នុង​សង្គម​។​

លោក ឈើ​ន ចាន់នី (រូបភាពនេះជាកម្មសិទ្ធិរបស់ លោក ឈើ​ន ចាន់នី)

​លោក ឈើ​ន ចាន់នី បាន​ឲ្យ​ដឹងថា​៖ “​ជា​កិត្តិយស​ដ៏​ធំ​មួយ​របស់ខ្ញុំ សម្រាប់​វត្ត​មាននៃ​ការដាក់​បង្ហាញ​ស្នាដៃ​គំនូរ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។ គំនូរ គឺជា​ប្រភព​នៃ​សុភមង្គល​របស់ខ្ញុំ ហើយ​ខ្ញុំ​តែងតែ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់​យ៉ាងខ្លាំង ដែល​ជំរុញ​ឲ្យ​ខ្ញុំ​អាចធ្វើ​កា​ងារ​នេះ កាន់តែ​ប្រសើរ​ទ្វេ​រដង​។ ខ្ញុំ​សង្ឃឹមថា ពិព័រណ៍​នេះ​នឹង​ជួយ​បង្កើន​ការយល់ដឹង ដល់​សាធារណជន​អំពី​បញ្ហា​សង្គម និង​បរិស្ថាន របស់​យើង​ទាំងមូល​”​។​

​លោក ឈើ​ន ចាន់នី មាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ជា​កូនច្បង​នៅក្នុង​គ្រួសារ ដែលមាន​ឪពុក​ជា ទាហាន​ជើងចាស់​។ កុមារភាព របស់លោក ឈើ​ន ចាន់នី គឺ​មិន​ស្រណុក​សុខ​ស្រួល​ដូច​អ្នកដទៃ​នោះទេ ដោយសារ​ជីវភាព​ក្នុង​ក្រុមគ្រួសារ បាន​តម្រូវ​ឲ្យ​លោក ហែល​ឆ្លង​ការលំបាក​រហូត​ស្នាក់នៅ​ក្រោម​ដើមឈើ និង​តាម​វត្ត​អារាម​ក៏មាន និង​ជាពិសេស​ត្រូវ​បង្ខំចិត្ត បោះបង់ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៧ ព្រោះ​សាលារៀន​ស្ថិតនៅ​ឆ្ងាយ​ពី​កន្លែង​រស់នៅ​ពេក​។​

រូបភាពនេះជាកម្មសិទ្ធិរបស់ លោក ឈើ​ន ចាន់នី

​លោក ឈើ​ន ចាន់នី មាន​ឧបនិស្ស័យ​ខាង​ផ្នែក​គំនូរ​តាំងពី​តូច ដោយ​លោក​បាន​គូរ​រូបភាព​ផ្សេងៗ ដាក់​ក្នុង​សៀវភៅ​រៀន គូរ​លើដី និង​គូរ​លើ​ដើមឈើ ក៏មានដែរ​។​

​ការចាប់​សត្វ​ស្លាប​ក្នុងព្រៃ ធ្វើជា​ការកម្សាន្ត​របស់​ខ្លួន ដោយ​មិន​ខ្វល់​ពីអ្វី​ទាំងអស់ កាលពី​កុមារភាព បាន​ផ្ដល់នូវ​ការបណ្ដុះ​គំនិត សម្រាប់​លោក ឈើ​ន ចាន់នី ក្នុងការ​បង្កើត​នូវ​ផ្ទាំងគំនូរ​របស់ខ្លួន ពីព្រោះ​នៅពេលនេះ​លោក បាន​យល់ដឹង​ពី​សារៈប្រយោជន៍ របស់​បរិស្ថាន ធនធានធម្មជាតិ ជាពិសេស​ទៅទៀត​នោះ លោក​ចង់​តបស្នង​ទៅនឹង​អ្វី ដែល​ខ្លួន​បានធ្វើ​ខុស​ពីមុនមក ដោយ​ព្យាយាម​បង្ហាញ​ពី​ស្ថានភាព​សត្វព្រៃ និង​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា នាំគ្នា​ស្រលាញ់​សត្វ​ទាំងអស់ តាមរយៈ​ស្នាដៃ​គំនូរ​របស់ខ្លួន​។​

រូបភាពនេះជាកម្មសិទ្ធិរបស់ លោក ឈើ​ន ចាន់នី

​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​វត្ថុបំណង​ចម្បង របស់ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា “​សិល្បៈ​គំនូរ និង ប្រពៃណី​” តែងតែ​ត្រូវ​បានទទួល​ការ​ជ្រោមជ្រែង ក្នុង​ការដាក់​បង្ហាញ​នៅក្នុង​វិចិត្រសាល​សិល្បៈ នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ មួយ​នេះ​។​

​លោក Charles-Henri Chevet អ្នកចាត់ការ​ទូទៅ នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា បាន​ឲ្យ​ដឹងថា​៖ “​ពួកយើង​មាន​សេចក្តី​សោម​ន្ស​យ៉ាងខ្លាំង ក្នុងការ​រៀបចំ​បង្កើត​ឲ្យ​មានការ​តាំងពិព័រណ៍ ទេពកោសល្យ​គំនូរ​ជាថ្មី​ម្តងទៀត នៅក្នុង​វិចិត្រសាល​សិល្បៈ​របស់​យើង ដែលជា​ចំណែក​មួយ ក្នុងការ​ផ្សព្វផ្សាយ​សិល្បៈ​គំនូរ នៅ​ទីក្រុង​ភ្នំពេញ​។ ការតាំងពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​អ្នកចូលរួម​ទស្សនា ក្នុងការ​ស្វែងយល់​ពី​អត្ថន័យ​នៃ​គំនូរ​នីមួយៗ ដែល​ឆ្លុះ​បង្ហាញ​ពី​គំនិត និង បរិស្ថាន​យើង​របស់ ដោយ​វិចិត្រករ ឈើ​ន ចាន់នី​”​។​

រូបភាពនេះជាកម្មសិទ្ធិរបស់ លោក ឈើ​ន ចាន់នី

សាធារណជន​ទាំងអស់ អាច​ចូលរួម​ទស្សនា ដោយ​ឥតគិតថ្លៃ​សម្រាប់​ពិព័រណ៍​ស្នាដៃ​សិល្បៈ​គំនូរជាច្រើន របស់លោក ឈើ​ន ចាន់នី ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ខែសីហា រហូតដល់​ខែតុលា ឆ្នាំ​២០១៩ នៅ​វិចិត្រសាល​សិល្បៈ នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​៕