ការផ្គត់ផ្គង់​អគ្គិសនី​ ទូទាំងប្រទេស កើន​ដល់​ជិត ៤ពាន់ មេហ្គាវ៉ាត់ ក្នុង​ឆ្នាំ ២០២០នេះ

789

ភ្នំពេញ៖ ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗសរុប កើនដល់ប្រមាណ ៣៩៨៦មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០២០នេះ ដែលមានកំណើន ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងទៀតថា កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះឡើងនេះ ដោយសារកំ ណើនតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានអះអាងថា នៅក្នុងឆ្នាំ២០២០នេះ ការផលិតថាមពលអគ្គិសនីក្នុងស្រុក ពីប្រភពថាមពលធំៗដែលកំពុងដំណើរការមានសរុបប្រមាណ ២៩៦៥មេហ្គាវ៉ាត់ ក្នុងនោះពីវារីអគ្គិសនីចំនួន ០៧ អានុភាពសរុប ១៣២៩មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ អានុភាពសរុប ៦៧៥មេហ្គាវ៉ាត់។

ជាមួយគ្នានេះ ក៏មានថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅ និងម៉ាស៊ូត ដែលមានអានុ ភាព ៦២៧មេហ្គាវ៉ាត់ ថាមពលកកើតឡើងវិញ ដែលរួមមានថាមពលព្រះអាទិត្យ ៣៣៣មេហ្គាវ៉ាត់ និងថាមពលនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ សរុបចំនួន ១០២១មេហ្គាវ៉ាត់។

លោក ស៊ុយ សែម បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួង បានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីបានចំនួនជាង ១៣០០០ភូមិ ដែលស្មើនឹង ៩២,៦៨ភាគរយ នៃចំនួនភូមិសរុបនៅទូទាំងប្រទេស។

លោក បញ្ជាក់ថា នៅឆ្នាំ ២០៣០ ក្រសួងនឹងជំរុញការប្រើប្រាស់ឱ្យកើនដល់ ៩០ភាគរយនៃចំនួនខ្នងផ្ទះនៅទូទាំងប្រទេស សម្រាប់អគ្គិសនីដែលមានគុណភាព ស្ថិរភាព និងតម្លៃសមរម្យ ដល់អ្នកប្រើទាំងអស់ ទាំងលក្ខណៈគ្រួសារ និងឧស្សាហកម្ម ជាពិសេស គឺការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំជំរុញឱ្យមានការវិនិយោគលើគម្រោងផលិតថាមពលអគ្គិសនីពីប្រភពផ្សេងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានកំណើនជាបន្តបន្ទាប់ក៏ដោយក្តី ក៏ប៉ុន្តែវានៅតែពុំទាន់អាចឆ្លើយតបនឹងសេចក្តីត្រូវការបានពេញលេញនៅឡើយ ដោយសារកំណើនប្រើប្រាស់ពីប្រជាពលរដ្ឋ និងការរីកធំធាត់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប វិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្ត កោះកុង និងគម្រោងវិនិយោគរោងចក្រអគ្គិសនីដុតធ្យូងថ្មមានអានុភាព ២៦៥ មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ ដែលវិនិយោគដោយក្រុមហ៊ុន ហានសេង ខូលម៉ាញ៕