ភ្នំពេញ៖ ភ្នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។
ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។
ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បកប៉ះរៀងកាយ សំលឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរណ៍ដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ»។
តែយ៉ាងណា ទំរាំបានទៅដល់កំពូលភ្នំ ភ្ញៀវទេសចរណ៍បានជួបនូវទុកលំបាកជាច្រើន តាមរយៈការធ្វើដំណើរដោយថ្នើរជើងប្រមាណជាង ៥ទៅ ៧ម៉ោង។ ឌីជេ លីអូជាអ្នកទេសចរណ៌ក្នុងចំណោមអ្នកទេសចរណ៌ភ្សេងទៀត ដែលធ្លាប់ធ្វើដំណើរដល់ទីនោះបានឲ្យដឹងថា មិត្តភ័ក្តរបស់លោកមិនក្រោម២ទៅ៣នាក់នោះទេ ដែលបានធ្លាក់ពីលើគោយន្ត។ រហូតដល់ដំណាក់កាលដើរឡើងភ្នំ ក៏ប្រទះឃើញអ្នកដំណើរមួយចំនួនបរាជ័យ ត្រឡប់ចុះទៅក្រោមវិញ ហើយអ្នកខ្លះក៏តស៊ូឡើងរហូតបានសម្រេច ។ លោកថា សម្រាប់អ្នកដែលចង់ធ្វើដំណើរកំសាន្តបែបឡើងភ្នំ ទាល់តែមានការប្រាជ្ញាចិត្តខ្ពស់ផងដែរ៕