អ្នកជំនាញ​ ថា ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី នៅ​តាម​បណ្តាខេត្ត ​ចំណេញ​ច្រើនជាង​នៅ ភ្នំពេញ

572

ភ្នំពេញ៖ ជាទូទៅមនុស្សជាច្រើន តែងតែយល់ឃើញថា ការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដូចជា ដីធ្លី និងផ្ទះសំបែង គឺមានឱកាសចំណេញច្រើនណាស់សម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ ឬអ្នកដែលមានលទ្ធភាព។

ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អក៏ដោយក្តី ក៏វាពុំសូវប្រឈមនឹងការខាតទៅវិញដែរ ប្រសិនបើការវិនិយោគនេះ មិនជាប់ពាក់ព័ន្ធអចលនទ្រព្យមានជម្លោះ និងមានបញ្ហាផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យើងតែងតែឮពាក្យថា «មនុស្សកើត តែដីមិនកើតទេ»។ ត្រង់នេះហើយ ដែលធ្វើឲ្យតម្លៃដីធ្លី និងផ្ទះសំបែង បានកើនតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមកំណើនមនុស្ស និងសេដ្ឋកិច្ច។

ប៉ុន្តែចំពោះអ្នកមានចំណូលមធ្យម និងក្រោមមធ្យម ការវិនិយោគលើអចលនទ្រព្យ នៅក្នុងបរិបទនៃសង្គមកម្ពុជាបច្ចុប្បន្ន ហាក់នៅសល់ក្តីសង្ឈឹមតិចតួចណាស់ ពោលគឺវាបានក្លាយទៅជា «ឧបសគ្គ» សម្រាប់ពួកគេទៅហើយ ដើម្បីស្វែងរកភាពមានបានពីវិស័យនេះ ក្នុងពេលដែលតម្លៃដីធ្លី និងផ្ទះសំបែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានហក់ឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ស្របពេលកំណើនវិនិយោគបរទេសហូរចូលមកកម្ពុជាកាន់តែច្រើនឡើង ជាពិសេសវិនិយោគិនចិន។

ទោះបីជាយ៉ាងនេះក្តី ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន វិចិត្រដារ៉ា អ៊ិនធើប្រាយ និងជាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យ បានបង្ហាញពីបទពិសោធន៍របស់លោកជាច្រើនឆ្នាំក្នុងការធ្វើជំនួញក្នុងវិស័យដីធ្លី និងផ្ទះសំបែង។ លោក អះអាងថា ដើម្បីជោគជ័យពីការវិនិយោគលើអចលនទ្រព្យ មុនដំបូងអ្នកគួរពិចារណា និងថ្លឹងថ្លែងអំពីហិរញ្ញវត្ថុ និងលទ្ធភាពរបស់ខ្លួន ឱ្យច្បាស់លាស់ជាមុនសិន ចាំសម្រេចចិត្តទិញ ដើម្បីចៀសវាងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ។

លោកឧកញ៉ា អះអាងថា ប្រសិនបើវិនិយោគលើអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ឬជាយរាជធានីភ្នំពេញ វានឹងមានឱកាសចំណេញលឿន បើធៀបនឹងតំបន់ផ្សេងៗ តែវាក៏ចំណាយថ្លៃដើមខ្ពស់ដែរ ព្រោះភ្នំពេញជាបេះដូងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលប្រមូលផ្តុំដោយអគាររដ្ឋបាលសំខាន់ៗ មជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្តុំការងារច្រើនជាងគេនៅក្នុងប្រទេស ដែលជាហេតុធ្វើឱ្យចលនានៃការទិញលក់ដីធ្លី និងផ្ទះសំបែង មានសកម្ម ភាពផុសផុលច្រើន។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យរូបនេះ បានឱ្យដឹងផងដែរថា ប្រសិនបើអ្នកវិនិយោគចង់បានចំណេញច្រើន គួរតែទិញអចលនទ្រព្យ (ដីធ្លី) នៅតាមបណ្តាខេត្ត ដែលកំពុងមានការអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក និងភ្លើង ជាពិសេសគម្រោងវិនិយោគធំៗ ជាដើម។ ឧទាហរណ៍ថា ពួកគេទិញដី ១ម៉ែត្រការ៉េ ១០ដុល្លារ នៅខេត្តណាមួយ ដែលមានការអភិវឌ្ឍច្រើន វាអាចនឹងឡើងដល់ ១ម៉ែត្រការ៉េ ២០ដុល្លារ ឬក៏ច្រើនជាងនេះ នៅពេលណាមួយ ដូច្នេះអត្រាចំណេញមានកម្រិតខ្ពស់ បើធៀបនឹងថ្លៃដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីនៅប្រទេសកម្ពុជា បានហក់ឡើងយ៉ាងឆាប់រហ័ស។ ក្រៅពីរាជធានីភ្នំពេញ គេសង្កេតឃើញខេត្តព្រះសីហនុ ហាក់មានសន្ទុះខ្លាំងជាងគេ បន្ទាប់មកនៅតាមតំបន់ច្រកព្រំដែនសំខាន់ៗរបស់កម្ពុជា ដូចជា តំបន់ប៉ោយប៉ែត បាវិត និងតំបន់ទីប្រជុំជននៃបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត។

ខណៈដែលប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច វាក៏កំពុងហុចឱកាសឱ្យអ្នកដែលមានធនធានធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអាចទទួលផលចំណេញបានយ៉ាងក្រាសក្រែលសម្រាប់ថ្ងៃខាងមុខ៕

អត្ថបទ៖ ប៊ុនធី