ភ្នំពេញ៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ នឹងមានកំណើន ៧.១ ភាគរយ និងមានការធ្លាក់ចុះ នៅក្នុងឆ្នាំ២០២០ ប្រសិនបើប្រទេសកម្ពុជា មិនធ្វើពិពិធកម្មសេដ្ឋកិច្ចលើគ្រប់វិស័យ, គ្មានកំណែទម្រង់ជាក់លាក់ និងការអនុវត្តគ្មានប្រសិទ្ធភាព។
លោកស្រី ជា សិរី នាយិកាបច្ចេកទេសនៃធនាគារជាតិ បានឲ្យដឹងថា ហេតុតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ នឹងមានកំណើន ៧.១ ភាគរយ ក៏ព្រោះតែមានការគាំទ្រដោយវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម ១០,៥ ភាគរយ, សេវាកម្ម ៦,៦ ភាគរយ ហើយគួបផ្សំនឹងការកើនល្បឿនបន្តិចនៃវិស័យកសិកម្ម ១,៤ ភាគរយ។ ម្យ៉ាងវិញទៀត ជញ្ជីងទូទាត់កម្ពុជា ត្រូវបានប៉ាន់ស្មានថាមានស្ថានភាពល្អប្រសើរ និងបន្តអតិរេក ៥,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (៧៤១ លានដុល្លារអាមេរិក)។
ប៉ុន្តែលោកស្រី ជា សិរី នាយិកាបច្ចេកទេសនៃធនាគារជាតិ លើកឡើងផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកលើវិស័យមួយចំនួនតូច ដូចជា កសិកម្ម កាត់ដេរ សេវាកម្ម និងសំណង់ជាដើម។ កម្ពុជា ងាយប្រឈមនឹងភាពផុយស្រួយដល់កំណើនសេដ្ឋកិច្ច ប្រសិនបើវិស័យណាមួយក្នុងចំណោមនោះ ជួបប្រទះហានិភ័យ។ បើវិស័យកសិកម្ម ជួបហានិភ័យ ដោយសារ បម្រែបម្រួលអាកាសធាតុ វានឹងប៉ះពាល់ដល់ជីវភាពកសិករ។ ចំណែកវិស័យកាត់ដេរ បើមានប្រែប្រួលនៃតម្រូវការ នោះវានឹងនាំឲ្យពលរដ្ឋកម្ពុជាប្រឈបនឹងភាពគ្មានការងារធ្វើ។
កក្ដាដែលនាំឲ្យ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ នឹងធ្លាក់ចុះ គឺមកពីកត្តាខាងក្នុង និងកត្តាខាងក្រៅ នេះបើតាមការឲ្យដឹងពីលោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច កន្លងទៅនេះនៅក្នុង សិក្ខាសាលាសភាដើម្បីឈ្វេងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
លោក វង្សី វិស្សុត បានពន្យល់ប្រាប់ថា កត្តាខាងក្នុងនោះ គឺមកពីកង្វះការយកចិត្តទុកដាក់កំណែទម្រង់ឲ្យដល់កម្រិត ទើបនាំឲ្យកម្ពុជាប្រឈមមុខនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ។ ចំណែកកត្តាខាងក្រៅ វិញ គឺមកពីបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច និងការប្រកួតប្រជែងផលិតផលស្ដង់ដារ នៅក្នុងទីផ្សារជាដើម។
លោក វង្សី វិស្សុត បានអះអាងថា ប្រសិនបើរដ្ឋាភិបាលធ្វើកំណែទម្រង់ជាក់លាក់ និងមានប្រសិទ្ធភាពរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកម្ពុជានឹងជួបប្រទះនាពេលខាងមុខនេះ នោះ កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចបានក្នុងរង្វង ៦,៥ ភាគរយ នៅឆ្នាំ២០២០ខាងមុខ ប៉ុន្តែបើការអនុវត្តគ្មានប្រសិទ្ធភាពទេ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងទាបជាងនេះ។
គួររំម្លឹកផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញរបាយការណ៍ព្យាករមួយ កាលពីខែមេសាកន្លងមកថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនប្រមាណ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០។ ជាងនេះទៅទៀត ធនាគារអភិវឌ្ឍន៍អាស៊ី រកឃើញបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះ បញ្ហាប្រឈមដែលសំខានជាងគេ ដែលរាជរដ្ឋាភិកម្ពុជាត្រូវយកចិត្តទុកដាក់ គឺដំណោះស្រាយបញ្ហាគម្លាតជំនាញ ដែលកើតឡើងដោយភាពមិនស៊ីគ្នា រវាងជំនាញដែលពឹងលើកម្លាំងពលកម្ម និងជំនាញដែលនិយោជកត្រូវការ៕