សម្ដេច​តេ​ជោ ហ៊ុន សែន​៖ “​ខ្ញុំ នឹង​ទិញ​អាវុធ​ពី​ចិន​”

1275

ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ត្រង់ៗ​ថា សម្តេច ទើបតែ​សម្រេច​ផ្តល់​ថវិកា ៤០​លាន​ដុល្លារ​បន្ថែម លើ​២០០​លាន​ដុល្លារ កាលពី​លើក​មុន ដើម្បី​ទិញ​អាវុធ​ពី​ចិន ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​កម្ពុជា ព្រោះតែនៅពេលនេះ អាវុធមួយចំនួនរបស់កងទ័ពកម្ពុជា គឺចាស់ៗ ដែលត្រូវដូរចេញ។​

​ការលើកឡើង​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ នៅ​សង្កាត់​ជ្រោយចង្វារ​។​

​នាពេលនោះ សម្ដេច​តេ​ជោ ក៏បាន​ប្រកាស​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទថា​កម្ពុជា អនុញ្ញាត​ឲ្យ​ចិន កសាង​មូលដ្ឋានទ័ព​នៅ​កម្ពុជា​។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា​៖ “​កម្ពុជា គ្មាន​ភាព​ចំ​បាច់​ដែល​ត្រូវ​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន ឲ្យ​ចិន កសាង​មូលដ្ឋានទ័ព​នោះទេ​។ តែ​ខ្ញុំ នឹង​ទិញ​អាវុធ​ពី​ចិន និយាយ​ឲ្យ​ត្រង់ៗ​អ៊ីចឹង​តែម្តងទៅ​”​។​

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន The Wall Street Journal​បាន​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ខុសពី​ការពិត​ចំពោះ​ប្រទេស​កម្ពុជា ដោយ​សរសេរថា ៖ “​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​របស់ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​។ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន​ជា​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​ព្រលានយន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន​នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយៈពេល​៣០​ឆ្នាំ ដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ កន្លែង​ចត​ជាដើម​”៕