ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ (Akihito) ដាក់រាជ្យ​សម្បត្តិ​ហើយ​

1805

​ជប៉ុន​៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ (Akihito) បានដាក់​រាជ្យ​នៅ​ថ្ងៃ​អង្គារ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះហើយ ដោយមាន​បុត្រា​ច្បង​របស់​ទ្រង់​ឡើងគ្រងរាជ្យសម្បត្តិ​បន្ត ដែលមាន​នាម​ថា​រាជវង្ស ជ្រី​សាន​សេ​ម៉ុម (Chrysanthemum Throne) ក៏ដូចជា​បើក​សករាជ​ថ្មី នៃ​សែ​អធិរាជ​របស់​ជប៉ុន ហើយ​នេះ​គឺជា​ការដាក់រាជ្យ លើកដំបូង​បំផុត​មិន​ធ្លាប់មាន និង​ភ្ញាក់ផ្អើល​បំផុត ក្នុង​រយៈពេល​ជាង ២០០​ឆ្នាំ​មកនេះ នៅក្នុង​ប្រទេស​ជប៉ុន​។​

ព្រះរាជ​ពិធី​ដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ Akihito បានរៀបចំ​ឡើង​ក្នុង​សាល ម៉ាត់​ស៊ូ ណូ ម៉ា (Matsu no ma) ឬ​មហា​វិមាន​ស្រល់ (Hall of Pine) នៃ​ព្រះរាជវាំង​ជប៉ុន នៅវេលា​ម៉ោង ៥៖០០​នាទី ដល់​ម៉ោង ០៥៖១០​នាទី​ល្ងាច (​ម៉ោង​នៅ​ប្រទេស​ជប៉ុន​) ក្រោម​វត្តមាន​អ្នកចូលរួម ៣០០​នាក់ ហើយ​ពិធី​នេះ​ក៏​នឹងត្រូវ​ផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ជប៉ុន​ផងដែរ​។​

បុត្រា​ច្បង​របស់​ព្រះ​ចៅ​អធិរាជ Akihito ព្រះនាម ណា​រូ​ហ៊ី​តូ (Naruhito) នឹង​ឡើងគ្រងរាជ្យសម្បត្តិ​បន្ត នៃ​រាជវង្ស Chrysanthemum និង​បើក​សករាជ​អធិរាជ​ថ្មី​មួយ ដែលមាន​ឈ្មោះថា រៃ​វ៉ា (Reiwa) ជំនួស​សករាជ​ចាស់​ដែលមាន​ឈ្មោះថា ហៃ​សី (Heisei)​។​

ដោយឡែក​ក្នុងអំឡុង​ព្រះ​រាជពិធី​នេះដែរ រតនសម្បត្តិ​ទាំង ៣ ដែលជា​ជា​និមិត្តរូប​នៃ​រាជបល្ល័ង្ក​ជប៉ុន របស់​អធិរាជ​ជប៉ុន គឺ​កញ្ចក់​ពិសិដ្ឋ យ៉ា​តា ណូ កា​ហ្គា​មិ (Yata no Kagami), ដាវ​ពិសិដ្ឋ គូ​សា​ណា​ជិ ណូ ត្យូ​រូ​ជិ (Kusanagi no Tsurugi) និង​បន្តោង​គុជ យ៉ា​សា​កា​និ ណូ ម៉ា​ហ្គា​តា​ម៉ា (Yasakani no Magatama) ដែល​បាន​តម្កល់ទុក​នៅ​កន្លែង​ខុសៗ​គ្នា ក្នុងប្រទេស​ជប៉ុន នឹង​ត្រូវយក​ចូលទៅក្នុង​សាល Matsu no ma​។

បន្ទាប់មក​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ​នឹង​ប្រកាស​ពី​ការដាក់​រាជសម្បត្តិ ក្រោយពី​ព្រះ​ចៅ Akihito មានបន្ទូល​ជា​លើក ចុងក្រោយ​ទៅកាន់​ប្រជាជាតិ ក្នុងនាម​ជា​អធិរាជ​នៃ​ប្រទេស​ជប៉ុន ហើយ​រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ទើប​ព្រះ​រាជពិធី​ដ៏​ធំ​មួយ​នឹងត្រូវ​ប្រារព្ធ​ឡើង សម្រាប់​ការឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ របស់​ព្រះ​ចៅ​អធិរាជ Naruhito នៅ​ចំពោះមុខ​ឥស្សរជន​មកពី​បណ្តា​ប្រទេស​ជិត ២០០​ជុំវិញ​ពិភពលោក​។​

គួរ​បញ្ជាក់ថា បើតាម​រដ្ឋាភិបាល​ជប៉ុន​ការចំណាយ​សម្រាប់​ពិធី​ឡើង​គ្រង​រាជសម្បត្តិ របស់​ព្រះ​ចៅ​អធិរាជ​ថ្មី​អាចមាន​ទំហំ​ខ្ទង់ ២.៧​ពាន់​លាន​យេន ឬ ២៤​លាន​ដុល្លារ​។ រីឯ​ប្រជា​ជប៉ុន​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល ១០​ថ្ងៃ​ផងដែរ​៕ ប្រភព​៖ Channel News Asia