ភ្នំពេញ (VAYO)៖ គោទឹកដោះផើម (គោចិញ្ចឹមយកទឹកដោះ) ចំនួន ១០០ក្បាល បានដឹកចូលដល់ទឹកដីកម្ពុជាតាមព្រំដែនសីមាកម្ពុជា-ថៃ កាលថ្ងៃទី២៥ ឧសភា បន្ទាប់ពីធ្វើដំណើរពេញមួយថ្ងៃ មួយយប់លើចម្ងាយផ្លូវជាង៨០០គ.ម។
មេគោទឹកដោះ ទាំងអស់នោះ បានដឹកទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីចាប់ផ្តើមដំណើរការចិញ្ចឹមដើម្បីយកទឹកដោះនៅកម្ពុជា។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា គោទឹកដោះផើមចំនួន១០០ក្បាលនេះ បានដឹកមកដល់ទឹកដីកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា ហើយកំពុងចាប់ផ្តើមដំណើរការចិញ្ចិមយកទឹកដោះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
បើតាមលោកបណ្ឌិត សុខ ទូច គោទឹកដោះផើមចំនួន១០០ក្បាលនេះ ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា នាំយកពីប្រទេសដាណាម៉ាក់ ជាពូជគោបែបអឺរ៉ុប ហើយនេះជាលើកដំបូងហើយដែលកម្ពុជានាំយកពូជគោទឹកដោះពីប្រទេសនៅអឺរ៉ុប ខណៈកន្លងមកមិនធ្លាប់មាន។
ក្រោយពីបានសិក្សាចប់សព្វគ្រប់ រាល់លទ្ធផលទាំងនេះរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្តល់ជូនទៅរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និង ប្រជាកសិករ ដែលមានបំណងក្នុងការចិញ្ចឹមគោទឹកដោះ ដោយប្រែក្លាយការចិញ្ចឹមសត្វពីតាមបែបយថាហេតុ មកចិញ្ចឹមសត្វបែបឧស្សាហកម្មវិញម្តង។
យ៉ាងណាក៏ដោយ ការមកដល់នៃគោយកទឹកដោះចំនួន១០០ក្បាល ជាការសម្រេចនូវក្តីទន្ទឹងរង់ចាំដ៏អន្ទះសារមួយ ហើយក៏ជាវិញ្ញាសាដ៏ស្មុគស្មាញផងដែរ។ លោកបណ្ឌិត គិន ភា មន្ត្រីជាន់ខ្ពស់មួយរូប នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កាលមកដល់នៃគោទឹកដោះពីអឺរ៉ុប គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ នៅមានវិញ្ញាសាដ៏ស្មុគស្មាញជាច្រើនទៀតដែលរាជបណ្ឌិត្យសភាកម្ពុជា ត្រូវជម្នះនាពេលខាងមុខដើម្បីផលប្រយោជនជូនជាតិ។
សូមបញ្ជាក់ថា គម្រោងបង្កើតតំបន់ឧទ្យានចិញ្ចឹម និងផលិតទឹកដោះគោស្រស់ ដំបូងបង្អស់របស់រាជបណ្ឌិត្យសភាកម្ពុជា បង្កើតឡើងនៅក្នុងទឹកដីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅលើទឹកដីស្រុកឆែប នៃខេត្តព្រះវិហារ។ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រគម្រោងនេះ និងថែមទាំងបានផ្តល់ជាថវិកា ចំនួន១០ម៉ឺនដុល្លារ ក្នុងការចូលរួមទិញមេគោដើម្បីយកមកចិញ្ចឹមផងដែរ៕