Reuters៖ លោក Yahya Rahim Safavi ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឱ្យថ្លែងប្រាប់សារព័ត៌មានអ៊ីរ៉ង់ Fars ថា បើសិនជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯតំបន់ឈូងសមុទ្រពែកផ្ទុះឡើងមែននោះ នោះវានឹងធ្វើឱ្យតម្លៃប្រេង ហក់ឡើងខ្ពស់ជាង ១០០ ដុល្លារ។
ការថ្លែងបែបនេះ របស់ទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើការចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោកទីប្រឹក្សា Yahya Rahim Safavi បានបញ្ជាក់ថា៖ “គ្រាប់កាំភ្លើងបាញ់ចេញតែមួយគ្រាប់ នៅក្នុងតំបន់ឈូងសមុទ្រពែក នឹងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាង១០០ដុល្លារ…ហើយនេះមិនមែនជារឿងដែលសហរដ្ឋអាមេរិក អឺរ៉ុប ឬក៏សម្ព័ន្ធ មិត្តអាមេរិកដូចជាជប៉ុន និងកូរ៉េខាងត្បូង ចង់បាននោះឡើយ”។
គួររំម្លឹកផងដែរថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងថា ទីក្រុងតេហេរ៉ង់ នឹងបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិក បើទីក្រុងវ៉ាស៊ីនតោនបង្ហាញការគោរពដល់អ្នកដទៃ និងអនុវត្តតាមច្បាប់អន្តរជាតិ។
ចំណែកលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងរៀបចំទំនាក់ទំនងជាមួយ ប្រទេសអ៊ីរ៉ង់ ក្នុងកម្មវិធីនុយក្លេអ៊ែរ ដោយគ្មានលក្ខខណ្ឌជាមុន ប៉ុន្តែត្រូវការមើលថា តើប្រទេសអ៊ីរ៉ង់ មានអាកប្បកិរិយាដូចជា “ប្រទេសជាតិធម្មតា” ហើយឬនៅ៕