ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា នឹងដាក់ចេញវិធានការថ្មី សម្រាប់អ្នកជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាពក្នុងពេលឆាប់ៗខាងមុខ។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងពេលដែលសម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
មូលហេតុដែលនាំឲ្យមានការដាក់ចេញវិធានការថ្មីនេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង លើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាមាន មិនមានការថមចុះនោះឡើយ គឺក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនជាង ១០០ករណី បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨។ ចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះនៅតែមានការកើនឡើង។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ ហើយចំនួនអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព នៅតែមានចំនួនច្រើនផងដែរ។
វិធានការថ្មីដែលដាក់ចេញនេះ គឺនឹងឱ្យមន្ត្រីនគរបាលចរាចរណ៍ឃាត់ខ្លួន រាល់អ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាពទាំងអៃ់។ តែការឃាត់ខ្លួននេះ មិនយកម៉ូតូទៅណានោះទេ គឺទុកឱ្យម្ចាស់ម៉ូតូមើលថែខ្លួនឯង ហើយត្រូវទាក់ទងទៅសាច់ញាតិ ឬតាមវិធីណាក៏ដោយ រកមួកសុវត្ថិភាពមកពាក់ឱ្យបានសិន ទើបអនុញ្ញាតឱ្យធ្វើដំណើរទៅមុខបន្ត៕