ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរីករាលដាលជាបន្តបន្ទាប់ ដល់ខេត្តចំនួន៤ហើយនៅក្នុងប្រទេសកម្ពុជា គឺខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តតាកែវ។
អ្នកចិញ្ចឹមជ្រូក ដែលមានជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក តម្រូវឲ្យបំផ្លាញសត្វជ្រូកនោះចោល ដើម្បីជាការទប់ស្កាត់កុំឲ្យឆ្លងជំងឺនេះទៅកាន់ជ្រូកផ្សេងទៀត និងទៅកាន់តំបន់ផ្សេងទៀត។
ការបំផ្លាញសត្វជ្រូកដែលឆ្លងជំងឺចោល ត្រូវបានសមាគមន៍អ្នកចិញ្ចឹមជ្រូក សំណូមពរឲ្យរដ្ឋាភិបាល ចូលរួមចែករំលែក ផ្ដល់ជាសំណងសម្រាប់ការខាតបង់ ដល់អ្នកចិញ្ចឹមជ្រូក។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា ច្បាប់កម្ពុជាមិនមានកំណត់ ពីការផ្ដល់សំណង ជូនអ្នករងផលប៉ះពាល់ ដោយជំងឺប៉េស្ដជ្រូកអាហ្វ្រិកនោះទេ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក» កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោក ផៃ ស៊ីផាន បានលើកឡើងថា៖ “ក្នុងដំណាក់កាលនេះយើងពុំមានគម្រោង ក្នុងការជួយចែករំលែក ការបង់ខាត់របស់អ្នកចិញ្ចឹមក្នុងគ្រួសារនោះឡើយ។ អត់មានច្បាប់ក្នុងការចែករំលែក ការចូលរួមនូវការបាត់បង់នោះឡើយ កាតព្វកិច្ចអ្នកដែលមានជ្រូកកើតជំងឺ ត្រូវតែចូលរួមសហការជាមួយក្រសួងកសិកម្ម បំផ្លាញសត្វជ្រូកនោះចោល ដើម្បីជាការទប់ស្កាល់កុំឲ្យ ឆ្លងជំងឺនេះដល់ប្រជាពលរដ្ឋដទៃទៀត”។
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងទៅមនុស្សទេ ប៉ុន្តែជំងឺនេះធ្វើឲ្យជ្រូកងាប់ ១០០% ដោយគ្មានវិធីព្យាបាលឡើយ ដែលប៉ះពាល់យ៉ាងខ្លាំងអ្នកចិញ្ចឹមជ្រូក ដែលឆ្លងនូវជំងឺនេះ៕