ពលរដ្ឋ​នៅ​ខេត្តប៉ៃលិន សម្រុក​ដាំដំឡូងមី ខណៈ​តម្លៃ​ដំឡូងមី មានភាព​ល្អប្រសើរ

903

ប៉ៃលិន៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ផ្ទៃដីជិត ៤ ម៉ឺនហិចតា ត្រូវបានប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមដាំដុះដំឡូងមី នាដើមរដូវវស្សានេះ។

បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន បានឱ្យដឹងថា ផ្ទៃដីប្រមាណ ៥ ម៉ឺន ៦ពាន់ហិចតា ជាផ្ទៃដីដាំដុះក្នុងខេត្ត ដែលមានដំណាំរួមផ្សំជាច្រើនមុខ ក្នុងនោះ ដំណាំដំឡូងមី កសិករ បានដាំដុះរួចរាល់ហើយ ដោយប្រើប្រាស់ផ្ទៃដីប្រមាណជិត ៤ ម៉ឺនហិចតា ដែលស្មើនិង ៩០%នៃផ្ទៃដីរួម។

លោក សាយ សុផាត បានឱ្យដឹងទៀតថា នៅរដូវដាំដុះដើមរដូវវស្សាឆ្នាំនេះ អាកាសធាតុពិតជាអំណោយផលដល់ដំណាំកសិកម្ម ក្នុងនោះ មានដូចជា  ដំណាំមៀនប៉ៃលិន (តាង៉ែន) ពោតក្រហម ដំឡូងមី និងដំណាំរួមផ្សំដទៃទៀត ដែលធ្វើឱ្យកសិករក្នុងខេត្តប៉ៃលិន សប្បាយរីករាយយ៉ាងខ្លាំង ខណៈដំណាំរបស់ពួកគាត់ លូតលាស់បានល្អ នាំឱ្យពួកគាត់មានសង្ឃឹមថា ពេលប្រមូលផល នឹងទទួលបានទិន្នផលខ្ពស់ ។

លោក បានបញ្ជាក់បន្ថែមទៀតថា តម្លៃដំឡូងមីនៅទីផ្សារឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន ដោយនៅក្នុងនោះ តម្លៃទីផ្សារដំឡូងមី សម្រាប់ដំឡូងមីស្រស់ ឈ្មួញឱ្យតម្លៃ ១គីឡូក្រាម រហូតដល់ ២.១ បាត (ប្រាក់ថៃ) ឬស្មើនឹងជាង ២៨០រៀល។ ចំណែកដំឡូងមីស្ងួត តម្លៃពី ៧០០រៀល ទៅ ៧៣៣រៀល ក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ សុខ វិច្ឆ័យ