រក​ពុំ​ឃើញ​ភស្តុតាង បញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ រ៉ុ​ក នោះទេ​

2636

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាបបាន​ជិត​៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ដ រ៉ុ​ក នោះទេ​។ ការអះអាង​នេះ ត្រូវបាន​បង្ហោះ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ក្រឡា​ហោម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សរសេរ «​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល លើ​ករណីនេះ ក៏បាន​កើតមាន​ពាក្យ​ច​ចាម​អារាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ជម្រាបជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​នោះទេ​»​។​

ជាមួយគ្នានេះ សម្ដេច​ក៏បាន​កោតសរសើ​រ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រឹង ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅនេះ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ចំនួន ៥០​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រមាណ​ជា ៣០០​នាក់​។​

​សម្ដេច ស ខេង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ “​ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រឹង ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅនេះ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន​ផងដែរ​”​។​

​សូមជម្រាបថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ខាងលើនេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្ថិតក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់ ហើយ​គិត​រហូតមកដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មនុស្ស​ស្ទើរ​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​។​

​ចំពោះ​អ្នក​មិនមាន​សារធាតុ​ញៀន ក្រោម​ការធានា​ពី​ឪពុកម្ដាយ ឬ​អាណាព្យាបាល ហើយ​អ្នក​ដែលមាន​សារធាតុ​ញៀន ត្រូវបញ្ជូន​មណ្ឌល​កែប្រែ ខណៈដែល​ជន​ពាក់ព័ន្ធ​មួយចំនួនទៀត ស្ថិតក្រោម​ការឃាត់ខ្លួន និង​សួរនាំ​នៅឡើយ ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ​៕