ទូរស័ព្ទ​ទំនើប​ដែល​អាច​បត់​បាន Mate X របស់ Huawei មានតម្លៃ​ប្រមាណ ២៦០០ ដុល្លារ​

1892

ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ប្រទេស ចិន កាលពី​ថ្ងៃអាទិត្យ​បានដាក់​បង្ហាញ​ទូរស័ព្ទ​ទំនើប​ដែលមាន​អេក្រង់​អាច​បត់​បាន ដែល​បាន​ធ្វើឡើង​ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមហ៊ុន Samsung បានបង្ហាញ​ទូរស័ព្ទ​ប្រភេទ​នេះ​។​

​លោក Richard Yu ប្រធាន​អាជីវកម្ម​ទំនិញប្រើប្រាស់​របស់​ក្រុមហ៊ុន Huawei បាន​ថ្លែងថា ទូរស័ព្ទ Mate X នឹង​អាច​ប្រើប្រាស់​បាន​ជាមួយនឹង​បច្ចេកវិទ្យា​អ៊ីនធឺណិត​ឥត​ខ្សែ 5G ដែល​កំពុង​ត្រូវបាន​ដំឡើង​នៅ​ជុំវិញ​ពិភពលោក​។​

​លោក​បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ទូរស័ព្ទ​ថ្មី​នេះ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា មុនពេល​ដែល​បើក​ដំណើរការ​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ចល័ត​ពិភពលោក​រយៈពេល ៤ ថ្ងៃ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​៖ «​វិស្វករ​យើង​បានធ្វើ​ការងារ​លើ​អេក្រង់​អស់​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ​»​។​

​ទូរស័ព្ទ​នេះ​នឹង​អាច​រកបាន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០០៩ និង​មានតម្លៃ​ក្នុង​បញ្ជី ២ ២៩៩ អឺរ៉ូ (២ ៦០០ ដុល្លារ​)​។​

​លោក Yu បាន​ទទួលស្គាល់ថា តម្លៃ​នេះ «​ថ្លៃ​ខ្លាំង​» ប៉ុន្តែ​ក្រុមហ៊ុន​កំពុងធ្វើការ​ងារ​ដើម្បី​បន្ទាប​តម្លៃ​នេះ​។​

​អេក្រង់​របស់​ទូរស័ព្ទ Mate X អាច​បត់​បាន​ទៅ​ផ្នែក​ខាងក្រោយ​របស់​ទូរស័ព្ទ​នេះ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​ទូរស័ព្ទ​ដែលមាន​អេក្រង់ ៦.៦ អ៊ិ​ញ ដែលមាន​ទំហំ​ធំ​ជាង​បន្តិច​បើ​ធៀប​នឹង​អេក្រង់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​បាន​ច្រើន​បំផុត​ក្នុង​ពិភពលោក ដែល​បានដាក់​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​ទីក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​។​

​មាន​ពាក្យ​ចចាមអារ៉ាម​ផងដែរ​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​តូចៗ​មួយចំនួនទៀត នឹងដាក់​បង្ហាញ​ទូរស័ព្ទ​ដែលមាន​អេក្រង់​អាច​បត់​បាន​នៅក្នុង​ពិព័រណ៍​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​នេះ​ផងដែរ​។​

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ផ្សេងទៀត​កំពុង​សម្លឹងមើល​ការផលិត​អេក្រង់​ដែល​អាច​បត់​បាន ដើម្បី​ជួយ​ឲ្យ​ទីផ្សារ​ទូរស័ព្ទ​ទំនើប​ដែល​កំពុង​ធ្លាក់ចុះ​នេះ កើនឡើង​មកវិញ ខណៈដែល​អ្នកប្រើប្រាស់​ប្រើ​ទូរស័ព្ទ​របស់​ពួកគេ​កាន់តែ​យូរ​ជាង​មុន ដោយសារ​កង្វះ​នវានុវត្តន៍ ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​ព្យាករ​ថា ទីផ្សារ​សម្រាប់​ទូរស័ព្ទ​ដែល​អាច​បត់​បាន​នេះ​នឹង​នៅមានកម្រិត​។​

​លោក Yu បាន​ថ្លែងថា ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ទី​២ ក្នុង​ពិភពលោក ដែល​នាំមុខ​ក្រុមហ៊ុន Apple លក់​ទូរស័ព្ទ​បាន​ចំនួន ២០៦ លាន​គ្រឿង​នៅក្នុង​ឆ្នាំ ២០១៨ ធៀប​នឹង​ចំនួន​ជាង ១៥០ លាន​គ្រឿង​ដែល​បាន​លក់​នៅ​ឆ្នាំ ២០១៧៕​