ក្រុមហ៊ុន​ជប៉ុន​មួយ គ្រោង​ចុះ​កិច្ចព្រមព្រៀង​​ប្រមូលទិញ​បន្លែ​គ្មាន​ជាតិគីមី ស្រុកថ្មគោល ខេត្តបាត់ដំបង

799

បាត់ដំបង៖ ក្រុមហ៊ុនជប៉ុន គ្រោងចុះកិច្ចព្រមព្រៀងជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រមូលទិញបន្លែគ្មានជាតិគីមី ពីសហគមន៍ដាំបន្លែ ដែលរៀបចំយុទ្ធសាស្រ្តការផលិតបន្លែមានសុវត្ថិភាព  និរន្តភាព ដែលបានដាំក្នុងផ្ទះសំណាញ់ ។

ថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយរដ្ឋ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុន YAMOTO GREEN គ្រោងចុះកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខ លើការប្រមូលទិញបន្លែសុវត្ថិភាពក្នុងខេត្ត ដោយពិនិត្យតាំងពីការចាប់ផ្តើមដាំដំបូង ទាំងបច្ចេកទេសការថែទាំប្រកបដោយគុណភាព ពិសេសមិនប្រើប្រាស់ជីគីមី ។​

លោកប្រធានមន្ទីរ បានឱ្យដឹងបន្ថែមថា មុនមានការប្រមូលទិញ ក្រុមហ៊ុន នឹងសាងសង់ឃ្លាំងត្រជាក់នៅក្នុងខេត្តបាត់ដំបង ដើម្បីស្តុកបន្លែទុកមុនដឹកជញ្ជូនទៅចែកចាយនៅលើទីផ្សារ ក្នុងន័យជៀសវាងបន្លែខូចគុណភាព។

លោក បានបន្តថា ជាជំហានដំបូង ក្រុមហ៊ុនជប៉ុន YAMOTO GREEN បានជ្រើសរើសសហគមន៍ឬស្សីសាមគ្គី នៅស្រុកថ្មគោល ដែលមានសមាជិកជាង ១០០នាក់ ដាំដុះលើផ្ទៃដីប្រមាណជិត៣០ហិកតា ក្នុងការប្រមូលទិញ។ ប៉ុន្តែក្រុមហ៊ុន ក៏បានពន្យល់អំពីខ្សែសង្វាក់ផលិតដំណាំបន្លែក្នុងផ្ទះសំណាញ់  ដើម្បីទទួលបានបន្លែមានគុណភាព និងបង្ហាញពីរបៀបវេចខ្ចប់ឱ្យបានល្អ ដើម្បី​ឱ្យអ្នកទិញយកទៅបរិភោគមានទំនុកចិត្ត។

លោក បញ្ជាក់ថា មន្ទីរកសិកម្មខេត្ត និងក្រុមហ៊ុនជប៉ុន បានជួបពិភាក្សាគ្នារួចហើយពាក់ពន្ធ័ទៅលើដំណាំបន្លែសុវត្ថិភាពទូទៅក្នុងខេត្ត ដូច្នេះនៅតែរង់ចាំការសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមុនសិន ទើបចុះ MoU ជាមួយគ្នា។

លោក ឈឹម វិជរា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន មន្ទីរកសិកម្មខេត្ត បាននិងកំពុងអនុវត្តគម្រោងអាទិភាពចំនួន៣ គឺទី១៖គម្រោងជំរុញផលិតកម្មស្បៀង , ទី២៖គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងបម្រែបម្រួលអាកាសធាតុ និងទី៣៖គម្រោងពិពិធកម្មកសិកម្មនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងខេត្តមានសហគមន៍ដំាបន្លែចំនួន ៨២ និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងៗ បាន៦៦កិច្ចសន្យារួចហើយដែរ៕