ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាចពីការឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិច តាមរយៈការបរិភោគប្រចាំថ្ងៃ ព្រោះមកទល់ពេលនេះ តាមការបញ្ជាក់ពីជំនាញវិទ្យាសាស្ត្រ មិនទាន់រកឃើញសញ្ញាណាមួយបញ្ជាក់ថា ជំងឺបេស្តជ្រូក ឆ្លងពីជ្រូកទៅមនុស្សតាមរយៈការបរិភោគនោះទេ ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្ន ជៀសវាងកុំបរិភោកសាច់សត្វ ដែលងាប់ដោយសារជំងឺឱ្យសោះ។
នេះគឺជាការលើកឡើងរបស់ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហា កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
ការលើកឡើងនេះ ក៏មិនខុសពី លោកយី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ក៏បានថ្លៃងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក” ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីថា ៖ “តាមបែបវិទ្យាសាស្ត្រដែលជំងឺនេះមិនឆ្លងដល់មនុស្សយើង គឺវាទាក់ទងនឹងភា្នក់ងារ ក្នុងខ្លួនមនុស្សយើងមិនចាប់យកមេរោគនៃជំងឺប៉េស្តជ្រូកនេះ។ កាលណាភ្នាក់ងារក្នុងខ្លួនមនុស្សមិនចាប់យកមេរោគប៉េស្តនេះ ទោះជាមេរោគនេះចូលក្នុងខ្លួនមនុស្សយើងក៏ដោយ ក៏មេរោគនេះអាចងាប់នៅក្នុងខ្លួនមនុស្សយើង ឬបញ្ចេញចោលតាមរយៈលាមកមនុស្ស”។
តែទោះបីជា ជំងឺបេស្តជ្រូកអាហ្វ្រិច មិនឆ្លងទៅមនុស្ស តែមនុស្សគ្រប់រូប មិនគួរយកយកសាច់ជ្រូក ដែលឆ្លងជំងឺបេស្តជ្រូកអាហ្វ្រិច មកចម្អិនធ្វើជាអាហារសម្រាប់បរិភោគផងដែរ។
គួររំម្លឹកផងដែរថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែបន្តរាលត្បាតនៅខេត្តត្បូងឃ្មុំ ចំណែកខេត្ត ៤ ផ្សេងទៀត ដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រួមមាន រតនគិរី ស្វាយរៀង តាកែវ និង កណ្តាល មានភាពស្ងប់ស្ងាត់វិញ ប៉ុន្តែនៅតែការហាមចរាចរជ្រូក នៅតែអនុវត្តស្របទៅតាមសេចក្តីប្រកាស របស់ក្រសួងកសិកម្មកាលពីថ្ងៃទី១២ ខែកក្កដា ដោយ លោក វេង សាខុន បានកំណត់យកខេត្ត ដែលមានផ្ទុះជំងឺប៉េស្តជ្រូក ជាកន្លែងផ្អាកការចិញ្ចឹម លក់ ទិញ និងដឹកជញ្ជូនសត្វជ្រូក ជាបណ្តោះអាសន្នសិន រង់ចាំរហូតដល់ក្រសួងប្រកាសសាជាថ្មីនៃការអនុញ្ញាត ចិញ្ចឹម លក់ជ្រូក និងនាំចូលជ្រូកវិញ។
សត្វជ្រូក ប្រមាណ២៧០០ក្បាលបានងាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសកម្ពុជា៕