ជប៉ុន ឲ្យ​ប្រជាជន ៦០,០០០​នាក់ ស្វែងរក​កន្លែង​មាន​សុវត្ថិភាព ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​

4062

​តំបន់​ភាគ​ខាងកើត​ប្រទេស​ជប៉ុន ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​គ្រោះ​រអិល​បាក់​ដី​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុ​ង ហា​ហ្គី​ប៊ី​ស (Hagibis) កាលពី​ជាង​២​សប្ដាហ៍​មុន បាននិងកំពុង​ប្រឈមមុខ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​អាជ្ញាធរ​បានឱ្យ​យោបល់​ដ​ល់​ប្រជាជន​រាប់ម៉ឺន​នាក់ នៅក្នុង​តំបន់​ជុំវិញ​ទីក្រុង​តូ​ក្យូ ជម្លៀស​ខ្លួន​ទៅរក​កន្លែង​មាន​សុវត្ថិ​ភាពជា​បណ្ដោះអាសន្ន​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន មនុស្ស​យ៉ាងហោចណាស់ ៨២​នាក់ បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់ ព្យុះ​ទី​ហ្វុ​ង Hagibis លើ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាងកើត​ប្រទេស​ជប៉ុន ដោយ​នាំមក​ជាមួយ​នូវ​ខ្យល់​បក់ និង​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​។ បន្ថែម​ពីលើ​នេះ​មនុស្ស​រាប់សិប​នាក់​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ ហើយ​ច្រើនជាង ៣០០​នាក់​បាន​រងរបួស​។​

​ដោយឡែក ប្រឈមមុខ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង អាជ្ញាធរ​ជប៉ុន​បាន​ព្រមាន​ពី​គ្រោះ​រអិល​បាក់​ដី និង​ទឹកជំនន់​ជាមួយ​ការផ្ដល់​យោបល់​ឱ្យ​ប្រជាជន ៥០,០០០​នាក់​នៅក្នុង​ទីក្រុង សា​ហ្គា​មី​ហារ​រ៉ា (Sagamihara) ស្ថិតនៅ​ភាគ​អាគ្នេយ៍​ទីក្រុង​តូ​ក្យូ ជម្លៀស​ខ្លួន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋ​។ មិនតែប៉ុណ្ណោះ​ប្រជាជន​រស់នៅក្នុង​ខេត្ត ជី​បា (Chiba) ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​តូ​ក្យូ​ជាង ១០,០០០​នាក់ ក៏ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឱ្យ​ជម្លៀស​ខ្លួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា បើតាម​អាជ្ញាធរ​ឧតុនិយម​ជប៉ុន ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវបាន​គេ​រំពឹងថា នឹង​វាយប្រហារ​លើ​ទីក្រុង​តូ​ក្យូ​រហូតដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ ដោយ​នឹង​បង្ក​ឱ្យ​កម្ពស់​ទឹកភ្លៀង​ហក់​ឡើង​ពី ២០០​មី​លី​ម៉ែត្រ​ដល់ ៣០០​មី​លី​ម៉ែត្រ មុននឹង​វា​បន្តដំណើរ​ទៅកាន់​ភាគ​ខាងជើង​។ ចំណែកឯ​ព្យុះ​ត្រូពិច បួ​ឡយ (Bualoi) ដែល​បាន​បក់បោក​មកកាន់​កោះ អូ​ហ្គា​សាវ៉ា​រ៉ា (Ogasawara) កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅតែ​បន្ត​មាន​ឥទ្ធិពល​នៅឡើយ​៕​