សាកសព​មនុស្ស​​ ៣៩​នាក់ ដែល​រកឃើញ​ក្នុង​រថយន្ត​កុងតឺន័រ​ ​នៅ​ប្រទេស​អង់គ្លេស អាចជា​ជនជាតិ​ចិន​ទាំងអស់​

3855

ប៉ូលិស​អង់គ្លេស​បាន​ប្រាប់ថា សាកសព​មនុស្ស​ទាំង​៣៩​នាក់ ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង ទូរ​រថយន្ត​កុងតឺន័រ​មួយគ្រឿង នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ ទំនងជា​ជនជាតិ​ចិន​ទាំងអស់​។ នេះ​បើតាម​ការដកស្រង់​ការ ផ្សាយ​ចេញពី​សារព័ត៌មាន CGTN នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៩​។​

​ប៉ូលិស​អង់គ្លេស​នៃ​ទីក្រុង Essex បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នក​បាត់បង់​ជីវិត​ទាំងនោះ មាន​៨​នាក់​ជា​ស្ត្រី និង​៣១​នាក់​ជា​បុរស ហើយ​ទំនង ជា ជនជាតិ ចិន​ទាំងអស់​។ រីឯ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​ជាមួយគ្នា ពីបទ​សង្ស័យ មនុស្សឃាត​នោះ កំពុង​បន្ត​ស្ថិតក្រោម​ការឃុំ​ឃាំង​ដដែល​។​

​បើតាម​ប៉ូលិស​អង់គ្លេស ក្បាល​រថយន្ត​កុងតឺន័រ​ខាងលើ បាន​ចូល​មកដល់​ចក្រភព​អង់គ្លេស តាម​ទីក្រុង Holyhead នៅ​តំបន់ North Wales នៃ​ប្រទេស Wales កាលពី​ថ្ងៃទី​២០ ខែតុលា ក្រោយ​ចេញមក​ពី​ទីក្រុង Dublin នៅ​អៀរ​ឡង់​។ បន្ទាប់មក រថយន្ត​នោះបាន ទៅ​ដឹក​ទូរ​កុងតឺន័រ ដែល​ធ្វើដំណើរ​ពី​ទីក្រុង Zeebrugge នៃ​ប្រទេស​ប៊ែ​ល​ហ្សិ​ក មកដល់​កំពង់ផែ​នៃ​ក្រុង Purfleet នៅ​តំបន់ Essex របស់​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២៣ ខែតុលា​។ ក្រោយមកទៀត រថយន្ត​និង​ទូរ​កុងតឺន័រ បាន​ចាក​ចេញពី​កំពង់ផែ​នោះ ហើយ​បាន ជិត​មួយ​ម៉ោង ពេលមកដល់​សួន​ឧស្សាហកម្ម Waterglade Industrial Park ខាងកើត​ទីក្រុង​ឡុង​ដ៍ ក៏មាន​ការរកឃើញ​សាកសព មនុស្ស​ទាំង​៣៩​នាក់ នៅក្នុង​ទូរ​កុងតឺន័រ​តែម្តង​។​

​គួរ​ជម្រាប​ថា ស្ថានទូត​ចិន​នៅ​ទីក្រុង​ឡុង​ដ៍ កំពុង​បន្ត​ការទាក់ទង​ជាមួយ​ប៉ូលិស​អង់គ្លេស ដើម្បី​ទទួល​ការបញ្ជាក់​ឲ្យ​ច្បាស់​ជុំវិញ ហេតុការណ៍​ដ៏​រន្ធត់​នេះ ខណៈ​ប៉ូលិស​អង់គ្លេស​កំពុង​បន្ត​ការស៊ើបអង្កេត​៕​