លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានបង្ហាញជំហរគាំទ្រ ឲ្យប្រទេសកម្ពុជា តតាំងជាមួយសហភាពអឺរ៉ុប ទាក់ទិនបញ្ហា EBA ខណៈដែលមានបណ្ដាប្រទេសជាច្រើន គាំទ្រចេញមុខគាំទ្រឲ្យសភាពអឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដល់កម្ពុជាដដែល នៅក្នុងជំនួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ។
សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ ផ្អាកជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធលើមុខ ទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យួរនាខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវ ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
ក្រោយបញ្ចប់ជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ កាលពីថ្ងៃទី២៤ តុលានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកទូតអាល្លឺម៉ង់ថ្មី បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ គឺធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ។
លោកបន្តថា ភាគីទាំងពីរ ក៏បានលើកឡើងពីបញ្ហា EBA ដែលកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញថា EBA គឺជារឿងសំខាន់រវាងកម្ពុជា-សហភាពអឺរ៉ុប ក៏ដូចជាប្រទេសនីមួយៗ នៅក្នុងសហភាពអឺរ៉ុប ។ លោកថា ភាគីកម្ពុជា-អាល្លឺម៉ង់ ក៏បានឯកភាពគ្នា ធ្វើយ៉ាងណាជំរុញបញ្ហា EBA នេះឲ្យមានលក្ខណៈជឿនលឿនទៅមុខ និងទទួលបានលទ្ធផលវិជ្ជមាន ។
អ្នកនាំពាក្យបញ្ជាក់ថា «ដូចខ្ញុំបានបញ្ជាក់ចឹង ទាំងគាត់ (ទូតអាល្លឺម៉ង់) និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺបង្ហាញឆន្ទៈចង់ឲ្យ ដំណើរការ EBA ហ្នឹងមានលក្ខណៈវិជ្ជមាន សម្រាប់កម្ពុជាផង សម្រាប់សហភាពអឺរ៉ុបផង… ដូចខ្ញុំបានបញ្ជាក់មិញហ្នឹង អីចឹងកាលណាចង់ឲ្យ EBA មានលក្ខណៈ វិជ្ជមាន ដល់កម្ពុជា ដល់អឺរ៉ុប មានន័យថា អាល្លឺម៉ង់ចង់ឲ្យ EBA ហ្នឹងនៅដំណើរការដដែល កុំឲ្យមានលក្ខណៈអាក់ខាន រវាងភាគីទាំងពីរ» ។
លោក កុយ គួង គូសបញ្ជាក់ថា ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ច នៅបណ្ដាប្រទេសមួយចំនួន កាលពីពេលកន្លងមក គឺមានប្រទេសជាច្រើន បានបង្ហាញឆន្ទៈគាំទ្រឲ្យសហភាពអឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធលើ មុខទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ដល់កម្ពុជាដដែល ព្រោះប្រទេសទាំងនោះយល់ថា នេះជារឿងសំខាន់ សម្រាប់ជាប្រយោជន៍ដល់កម្មករ កម្មការិនីកម្ពុជាផងដែរ ។
លោកបន្ថែមថា បញ្ហា EBA នេះ ទោះបីមាន ឬគ្មានលក្ខខ័ណ្ឌ ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានធ្វើ និងកំពុងធ្វើ ជាពិសេសគឺស្របទៅនឹងលក្ខខ័ណ្ឌ ដែលគេចង់បាន ។ កិច្ចការទាំងនេះ ទោះបីគ្មានអនុសាសន៍ពីអ្នកណា ក៏រាជរដ្ខាភិបាល បានធ្វើរួចហើយតាំងពីវិស័យដីធ្លី និងវិស័យជាច្រើនទៀត ព្រមទាំងផលប្រយោជន៍របស់កម្មករ គឺរាជរដ្ឋាភិបាល បានធ្វើតាំងពីមិនទាន់កើតមានបញ្ហា ពាក់ព័ន្ធនឹង EBA ។
ទាក់ទងពាណិជ្ជកម្មលោកលើកឡើងថា កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-អាល្លឺម៉ង់ មានជាង ១២០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាល្លឺម៉ង់ជាង ១០០០លានដុល្លារ និងអាល្លឺម៉ង់នាំចូលមកម្ពុជា មានជាង ១០០លានដុល្លារ ។ រយៈពេល ៦ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ មានចំនួនប្រមាណជា ៥៥០លានដុល្លារ ។ ក្នុងចំណោមប្រទេសទាំង ២៨ នៅក្នុងសហភាពអឺរ៉ុប គឺទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ បន្ទាប់មកចក្រភពអង់គ្លេស និងបារាំង ។ លោកបន្តថា ជាមធ្យមក្នុងមួយឆ្នាំៗ ភ្ញៀវទេសចរ អាល្លឺម៉ង់ មកទស្សនកម្សាន្ត នៅព្រះរាជាណាចក្រកម្ពុជា មានជាង ១០ម៉ឺននាក់ ។
សូមបញ្ជាក់ថា ប្រទេសដែលទទួលបាន ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ។ ក្នុងករណីសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ទីផ្សារអឺរ៉ុប នៅតែបើកចំហសម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែម តម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាង អភិវឌ្ឍន៍ខ្លួនឲ្យរួចផុតពីភាពក្រីក្រ ដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សារ EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូន ជារៀងរហូតនោះបានឡើយ ៕