ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃនេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ ឲ្យលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី យកភ្នំដោះក្រមុំមកគ្រប់គ្រងវិញ ដោយមិនត្រូវឲ្យមាននរណាបំពាន ឬរំលោភយកធ្វើកម្មសិទ្ធិនោះឡើយ។
មូលហេតុដែលនាំឲ្យ សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជា បែបនេះ ដោយសារតែ គណបក្សខ្មែរជនជាតិដើមកម្ពុជា បានរាយការណ៍ ពីបញ្ហាការបំពានភ្នំដោះក្រមុំ នៅខេត្តមណ្ឌលគិរី នៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។
មន្ត្រីជាន់ខ្ពស់រូបនោះ ត្រូវបាន Fresh News ស្រង់សម្ដីថា «ក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព, ឆ្លើយតបនឹងការលើកឡើងរបស់គណបក្សខ្មែរជនជាតិដើមកម្ពុជា បញ្ហាការបំពានភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី សម្តេចតេជោបានបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគិរី យកមកវិញ ដោយមិនត្រូវខ្លាចនរណាទាំងអស់»៕