អ្នកចិញ្ចឹមបង្កង ​នៅ​ខេត្តកំពង់ឆ្នាំង​ម្នាក់ មាន​មហិច្ឆតា ​ផ្គត់ផ្គង់​បង្កងសាច់ ២លានក្បាល ក្នុង​មួយខែ នៅលើ​ទីផ្សារ

1091

កំពង់ឆ្នាំង៖ មុខរបរចិញ្ចឹមបង្កងកំពុងរីកសាយភាយទៅតាមបណ្តាខេត្តជាច្រើន នៅក្នុងប្រ ទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋបានមើលឃើញពីសក្តានុពលលើមុខរបរមួយនេះ ដែលអាចរកប្រាក់ចំណូលបានច្រើនក្រាសក្រែល សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។

យ៉ាងណាមិញ លោក សំ ពិសី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីដំណាក់កី ដែលមានទីតាំងនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នចិញ្ចឹមបង្កងនៅលើផ្ទៃដី ១៤,៥ហិកតា មានស្រះចិញ្ចឹមបង្កងចំនួន ២៣ស្រះ និងអាងភ្ញាស់បង្កងចំនួន ៤១អាង ។

លោកបានឱ្យដឹងថា ការចិញ្ចឹមបង្កងរបស់លោកសព្វថ្ងៃនេះ គឺបង្កាត់ពូជលក់ជាកូន និងមេបាពូជ តែប៉ុណ្ណោះ ដែលមានអតិថិជនបញ្ជាទិញជារៀងរាល់ថ្ងៃ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

លោក សំ ពិសី បានបង្ហាញពីផែនការដ៏ធំមួយរបស់ខ្លួន ក្នុងការផ្គត់ផ្គង់បង្កងសាច់នៅលើទីផ្សារនៅក្នុងខេត្ត និងនៅក្រៅខេត្ត នាពេលខាងមុខ ឱ្យបានក្នុងមួយថ្ងៃ ១តោន ដែលត្រូវភ្ញាស់កូនបង្កងឲ្យបាន ២លានក្បាល ក្នុងមួយខែ បន្ទាប់ពីការផលិតបង្កងពូជអូស្រ្តាលីរបស់លោកនាពេលនេះទទួលបានជោគជ័យ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាកសិករ នៅគ្រប់ទិសទី។

ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងរូបនេះ បាននិយាយថា ការចិញ្ចឹមបង្កង គឺជាមុខរបរមួយដែលអាច រកប្រាក់ចំណូលបានច្រើនសមរម្យសម្រាប់ប្រជាកសិករ ហើយលោករីករាយនឹងចែករំលែ កបទពិសោធន៍ និងបច្ចេកទេសនៃការចិញ្ចឹមដល់អ្នកដែលស្រឡាញ់មុខរបរនេះ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០នេះ នៅខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋ ចិញ្ចឹមបង្កងលក្ខណៈគ្រួសារកាន់តែច្រើនឡើង ដែលនេះជាចំណុចមួយដ៏ល្អសម្រាប់វិស័យវារីវប្បកម្មនៅកម្ពុជា ហើយមន្ត្រីរដ្ឋបាលជលផលស្វាគមន៍ក្នុងការផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមដល់ប្រជាពលរដ្ឋជានិច្ច។

បើតាមលោក លី ឡា បានឱ្យដឹងទៀតថា បច្ចប្បន្ននេះនៅក្នុងខេត្តកំពង់ឆ្នាំង មានកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលីសម្រាប់ការផ្តត់ផ្គង់កូនបង្កង មេបាបង្កង និងបង្កងសាច់ចំនួន ៨កសិដ្ឋាន៕

អត្ថបទ៖ ហ៊ឹង ចូច