​កម្ពុជា​ ចំណាយ​លុយរាប់​លានដុល្លារ​ទិញ អង្ករ​ដំណើប​ ពី ថៃ និង វៀតណាម

763

ភ្នំពេញ៖ អ្នកជំនាញកសិកម្ម ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិន ស្រូវជួយបង្កើនការទិញស្រូវដំណើបពីប្រជាកសិករ និងបំផុសឱ្យពួកគាត់បង្កើនការដាំដុះស្រូវប្រភេទនេះបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នកម្ពុជា បានចំណាយលុយរាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីនាំចូលអង្ករដំណើបពីប្រទេសជិតខាង។

លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលហៅ កាត់ថា កាឌី បានអះអាងថា បច្ចុប្បន្នមានកសិករតិចតួចនៅឡើយដែលបង្កបង្កើនផលស្រូវដំ ណើប ដែលធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់នឹងតម្រូវការក្នុងស្រុក ហើយត្រូវនាំចូលពីប្រទេសជិតខាងដើម្បីបំពេញការខ្វះខាតនេះ។

លោកថ្លែងថា មូលហេតុដែលនាំឱ្យការផ្គត់ផ្គង់អង្ករដំណើបមិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក បណ្តាលមកពីទម្លាប់ប្រជាជនខ្មែរមិនសូវនិយមបរិភោគអង្ករដំណើបសម្រាប់អាហារប្រចាំថ្ងៃ ដែលខុសពីអង្ករខ្សាយត្រូវបានប្រជាជនខ្មែរទូទៅចាត់ទុកជាស្បៀងដែលមិនអាចខ្វះបានឡើយ។

លោកបណ្ឌិត អ៊ុក ម៉ាការា បានស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ជួយផ្សព្វផ្សាយដល់ កសិករ និងប្រមូលទិញស្រូវដំណើបពីកសិករ ដើម្បីបង្កើនការដាំដុះស្រូវដំណើបក្នុងគោលបំណងកាត់បន្ថយការនាំចូល និងជំរុញការនាំចេញអង្ករប្រភេទនេះនាពេលអនាគត។អ្នកជំនាញកសិកម្មរូបនេះ បានណែនាំឳ្យកសិករបង្កបង្កើនផលស្រូវដំណើបពូជ «ស្បៃមង្គល» ដែលជាប្រភេទស្រូវដំណើបប្រណិតរបស់ខ្មែរ ដែលមានគុណភាពល្អមិនចាញ់អង្ករដំណើបប្រណិតរបស់ថៃឡើយ។ លោកអះអាងទៀតថា ស្រូវដំណើបអាចលក់បានតម្លៃខ្ពស់ជាងស្រូវខ្សាយទៅទៀត ក្នុងនោះរួមបញ្ចូលទាំងប្រភេទស្រូវក្រអូបផងដែរ។

តាមអ្នកជំនាញកសិកម្មខ្លះបានអះអាងថា ក្នុងមួយឆ្នំាៗ ប្រជាជនកម្ពុជា ទំនងជាអាចប្រើប្រាស់អង្ករដំណើបប្រហែល ១៣ម៉ឺនតោន ដែលមានតម្លៃប្រហែល ១៣០លានដុល្លារ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលស្គាល់ថា កម្ពុជាមានតម្រូវការអង្ករដំណើបច្រើន ហើយបច្ចុប្បន្នអង្ករដំណើបត្រូវនាំចូលតាមច្រកព្រំដែនពីប្រទេសថៃ និងវៀតណាម ដែលបរិមាណមិនត្រូវបានកត់ត្រាជាក់លាក់នោះទេ។

លោកឧកញ៉ា ថ្លែងថា សហព័ន្ធស្រូវអង្ករកម្ពុជាស្វាគមន៍ក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធផ្សព្វផ្សាយទៅដល់សហគមន៍កសិករផលិតស្រូវ និងគួរចាប់ផ្តើមកិច្ចការនេះពីពេលនេះទៅ ស្របពេលរដូវបង្កបង្កើនស្រូវវស្សាកំពុងចាប់ផ្តើមស្រាប់។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាកសិករ ក៏ដូចជាសហគមន៍កសិករដាំដុះស្រូវដំណើប ប្រសិនបើមានបញ្ហាទីផ្សារ អាចទំនាក់ទំនងមកកាន់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីសសហព័ន្ធពិនិត្យលទ្ធភាពក្នុងការប្រមូលទិញ។ ម៉្យាងទៀត អ្នកជំនួញអង្កររូបនេះ ក៏ស្នើឱ្យមានការជួយសហការពីស្ថាប័ន្ធជំនាញពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងសហគមន៍កសិករដាំដុះស្រូវដំណើប ដែលនឹងផ្តល់ភាពងាយស្រួលដល់ការធ្វើកិច្ចសន្យាទិញលក់ជាមួយពួកគាត់ ។

បើតាមឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០នេះ ប្រទេសចិនមានតម្រូវការអង្ករដំណើបខ្ពស់ និងបានស្នើទិញអង្ករដំណើបពីកម្ពុជាដែរ ប៉ុន្តែក្រុមហ៊ុននាំចេញអង្ករកម្ពុជា មិនមានអង្ករដំណើបសម្រាប់ផ្គត់ផ្គង់ទៅឳ្យភាគីចិននោះទេ។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ប្រទេសថៃ និងវៀតណាម បាននាំចេញអង្ករដំណើបពី ២០ទៅ ៣០ម៉ឺនតោន។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៥ខែដំបូងដើមឆ្នាំ ២០២០នេះ សម្រេចបានជាង ៣៥ម៉ឺន ៦ពាន់តោន ពោលគឺបានកើនឡើងជាង ៤២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩កន្លងទៅ។ ទោះជាយ៉ាងណាតួលេខនេះ ពុំមានអង្ករដំណើបនោះទេ៕

អត្ថបទ៖ សៀម ប៊ុនធី