ប៊ុន សុផុត សម្រេចក្តីស្រមៃគ្រងជើងឯកកម្មវិធី កម្ពុជាប្រដាល់គុនខ្មែរ ឆ្ពោះទៅស៊ីហ្គេម-២០២៣

169

(ភ្នំពេញ)៖ អ្នកប្រដាល់វ័យក្មេង ប៊ុន សុផុត បានសម្រេចបំណងដណ្ដើមជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ របសស្ថានីយ៍ទូរទស្សន៍ BTV សហការជាមួយក្រុមហ៊ុន Khmer Beverages បន្ទាប់ពីយកឈ្នះកីឡាករ ថាន់ ប៊ុនរ៉ុង ដោយពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើសង្វៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

កូនសិស្សអតីតអធិរាជកែងឆេះ-ជង្គង់ហោះ អេ ភូថង ខាងលើ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានពានលើកដំបូង ក្នុងអាជីពគុនខ្មែរ។ ក្រោយចប់ការប្រកួត សុផុត បានអះអាងថា ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រលើ ថាន់ ប៊ុនរ៉ុង គឺងាយស្រួលជាងកាលពីជួបគ្នាលើកទី១ ទោះបីពួកគេបានត្រៀមលក្ខណៈសម្បត្តិបានល្អប្រសើររៀងៗខ្លួនក៏ដោយ។

ក្រោយសម្រេចក្ដីស្រមៃគ្រងជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ សុផុត បានប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងសាងកេរ្ដិ៍ឲ្យកាន់តេល្បីលើសង្វៀនគុនខ្មែរ ពិសេសស្វែងរកឱកាសចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះ អ្នកលេងជង្គង់វ័យក្មេងដដែល ក៏បានអរគុណសង្វៀនបាយ័នដែលបានបង្កើតកម្មវិធីនេះឡើង។

ជាមួយការដណ្ដើមបានជើងឯកនេះដែរ ប៊ុន សុផុត បានទទួលពានមួយ អមដោយប្រាក់រង្វាន់ ៣,០០០ដុល្លារ ខណៈជើងឯករង ថាន់ ប៊ុនរ៉ុង ទទួលបាន ២ពាន់ដុល្លារ។ រីឯលេខ៣ បានទៅកីឡាករ អេលីត ឡុងឡី អមដោយបានប្រាក់រង្វាន់ ៤លានរៀល ក្រោយយកឈ្នះកីឡាករ ម៉ិល សារុន ដោយពិន្ទុ។ តែក្នុងនាមកីឡាករលេខ៤ ម៉ិល សារុន ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ៣លានរៀលផងដែរ។

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំកម្មវិធីកម្ពុជាប្រដាល់គុនខ្មែរ ដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ រដូវកាលទី១ តំណាងសង្វៀនបាយ័ន ក៏គ្រោងបន្ដសហការជាមួយដៃគូ ដើម្បីរៀបចំជាលក្ខណៈខ្សែក្រវាត់បន្ដទៀត ក្នុងន័យចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផង៕