អាកាសយានដ្ឋាន​អន្តរជាតិ​​ សៀមរាប​អង្គរថ្មី (AIAI) នឹង​បញ្ចប់​ការសាងសង់​រួចរាល់​ ​ជា​ស្ថាពរ​នៅឆ្នាំ២០២៣

1030

សៀមរាប៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១៥ ខែមិថុនា បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យផ្ទាល់ការសាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ខាងមុខ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ពបច្ចុប្បន្ននេះ ក្រុមហ៊ុនវិនិយោគ បានកំពុងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេល​វេលាទាំងអស់រយៈពេល ៣៦ខែ។

ជាងនេះទៅទៀត ចំពោះដំណើរការសាងសង់ ក្រុមហ៊ុន បានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ ទៅលើការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៧០០ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារអាមេរិក៕