ប្រទេសម៉ាឡេស៊ី ត្រូវទទួលខុសត្រូវចំពោះវិបត្តិមនុស្សធម៌ និងកិត្តិយសកម្ពុជា

2202

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការសោកស្ដាយ ចំពោះឥរិយាបថរបស់លោកជំទាវ ឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលជាប្រពន្ធរបស់ឯកឧត្តម Anwar Ibrahim ដែលបានចេញមកប្រកាសថា ស្ដ្រីម្នាក់ជនជាតិអាមេរិក អាយុ៨៣ឆ្នាំ មានឆ្លងវីរុសកូរ៉ូណាថ្មី។ បញ្ហានេះបានដាក់បន្ទុកឲ្យយើង នូវការខាតបង់កិត្តិសយ និងសេចក្ដីថ្លៃថ្នូររបស់ជាតិរបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ បន្ទាប់ពីលទ្ធផល នៃការពិនិត្យជាច្រើន រួមទាំងខាងសហរដ្ឋអាមេរិកដែរនោះ សុទ្ធតែបានបញ្ជាក់ ដូចការធ្វើតេស្ដរបស់កម្ពុជា គ្មានភ្ញៀវទេសចរណាម្នាក់ ដែលជិះក្នុងនាវា Westerdam ហើយចូលសំចតនៅប្រទេសកម្ពុជា មានផ្ទុកវីរុសកូរ៉ូណាថ្មីនោះទេ ហើយអះអាងថា ការធ្វើតេស្ដរបស់ម៉ាឡេស៉ី មានភាពមិនច្បាស់លាស់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ការប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី បានធ្វើការឲ្យមានរើសអើងជាច្រើនផ្ទុះឡើងជាបន្ដបន្ទាប់ ពិសេសភ្ញៀវទេសចរចេញពីប្រទេសកម្ពុជា ដែលត្រូវបានរាំងស្ទះ និងប្រទេសមួយចំនួនមិនអនុញ្ញាតឲ្យយន្ដហោះដែលដឹកភ្ញៀវទាំងនោះចុះចតជាដើម ហើយសម្ដេចសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការប្រកាសបែបនេះ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា ត្រូវបានប្រទេសផ្សេងទៀតរើសអើង ពិសេសអ្នកទេសចរដែលជិះនៅលើនាវា Westerdam។ ជាក់ស្ដែងយន្ដហោះមួយរបស់ប្រទេសតួកគី ដែលដឹកភ្ញៀវចេញពីកម្ពុជា មិនត្រូវបានព្រលានយន្ដហោះតួកគីអនុញ្ញាតឲ្យចុះចតនោះទេ ហើយត្រូវបង្វែរទៅចុះចតនៅប៉ាគីស្ថានវិញ។

ក្រៅពីនេះ ភ្ញៀវទេសចរដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ក៏មានការអាក់ខានមិនអាចចេញទៅប្រទេសរបស់ខ្លួនវិញដែរ ដោយសារតែប្រទេសមួយចំនួន បដិសេធការចុះចត ដែលសម្ដេចតេជោ ហ៊ុន សែន គិតថា បញ្ហានេះជាបញ្ហាធំ ហើយម៉ាឡេស៉ីត្រូវតែទទួលខុសត្រូវ ចំពោះវិបត្តិមនុស្សធម៌ និងកិត្តិយសរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «តើមូលហេតុអីបានចេញមករឿងហ្នឹង ម៉ាឡេស៉ីត្រូវទទួលខុសត្រូវចំពោះបញ្ហាវិបត្តិមនុស្សធម៌មួយនេះ ហើយនឹងកិត្តិយសរបស់កម្ពុជា»

ទន្ទឹមគ្នានេះ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏កោតសរសើរចំពោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានដាក់លិខិតទៅ ស្ថានទូតម៉ាឡេស៉ី ប្រចាំប្រទេសកម្ពុជា ដើម្បីទាមទារឲ្យមានការបកស្រាយឲ្យបានច្បាស់ ក្រោយការប្រកាសថា ស្ដ្រីជនជាតិអាមេរិកម្នាក់ ចេញពីកម្ពុជាមានផ្ទុកវីរុសកូរ៉ូណា ខណៈលទ្ធផលធ្វើតេស្ដជាច្រើនបង្ហាញថា គ្មានមេរោគនេះទេ។

សូមជម្រាបថា អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) បានបញ្ជាក់ច្បាស់លាស់ថា អ្នកដំណើរទាំងអស់ នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) គឺត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាមេរិក US Today នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

សារព័ត៌មានអាមេរិក US Today បានផ្សព្វផ្សាយបន្ថែមថា អ្នកដំណើរមួយចំនួន នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញមន្ទិលសង្ស័យ ចំពោះការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជមាន) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់ប្រកាសថា គាត់លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»