សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលសូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារសម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំនេះ គឺសំដៅឲ្យអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក៕