ហាណូយ៖ កិច្ចប្រជុំកំពូល “ត្រាំ-គីម” លើកទីពីរ ត្រូវបានបញ្ចប់មុនកាលកំណត់ កាលពីម្សិលមិញ យ៉ាងតក់ក្រហល និងទាំងពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់ ដែលជាសញ្ញាប្រាប់ថា ភាគីទាំង២ និយាយពុំត្រូវគ្នា ក្នុងការដោះដូរដើម្បីផលប្រយោជន៍ សម្រាប់ប្រទេសជាតិរបស់ខ្លួនរៀងៗខ្លួន។
តើមូលហេតុអ្វីបានជាកិច្ចប្រជុំកំពូល “ត្រាំ-គីម” លើកទីពីរ បរាជ័យ?
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបកំពូល “ត្រាំ-គីម” ថា កូរ៉េខាងជើង បានទាមទារឲ្យមានការដកទណ្ឌកម្មទាំងអស់តែម្តង ជាថ្នូរនឹងការកម្ទេចមូលដ្ឋានអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ យ៉ុងប្យុន (Yongbyon)។
ក៏ប៉ុន្តែ ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម បែជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បានធ្វើការបកស្រាយផ្ទុយទៅនឹងអ្វី ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លៃង អំពីភាពបរាជ័យនៃកិច្ចប្រជុំកំពូលលើកទីពីរ នេះទៅវិញ។
លោក រី យ៉ុងហូ ត្រូវបានសារព័ត៌មានចិន ស៊ីនហួរ ដកស្រងសម្ដី នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ថាទីក្រុងព្យុងយ៉ាងបានស្នើឲ្យមានដកទណ្ឌកម្មចំនួន ០៥ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌកម្មទាំង ១១ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ព្រោះទណ្ឌកម្មទាំង ០៥នោះ គឺបានប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅ របស់ប្រជាជនកូរ៉េខាងជើង។
លោក រី យ៉ុងហូ បានប្រាប់ទៅសារព័ត៌មានចិន ស៊ីនហួរ ទៀតថា បើអាមេរិកព្រមទទួលយកសំណើរនេះ កូរ៉េខាងជើងនឹងបំផ្លាញចោលរាល់មូលដ្ឋាន ផលិតវត្ថុធាតុដើមបង្កើតអាវុធនុយក្លេអ៊ែរក្នុងតំបន់ Yongbyon នៅចំពោះមុខក្រុមអ្នកជំនាញអាមេរិកចោលទាំងស្រុង និងជាអចិន្ត្រៃយ៍តែម្តង ហើយមិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង ក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសរសេរជាលាយលក្ខណ៍អក្សរ នូវការផ្អាកជាអចិន្ត្រៃយ៍ ចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប របស់ខ្លួនថែមទៀតផង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានបោះចោលឱកាសទាំងនេះ ដែលប្រហែលជានឹងគ្មានថ្ងៃ ទទួលបានម្តងទៀតនោះឡើយ។
លោកបន្តថា គោលជំហររបស់កូរ៉េខាងជើងនឹងមិនប្រែប្រួលឡើយ បើទោះបីជាសហរដ្ឋអាមេរិក បន្តព្យាយាមស្វែងរកកិច្ចចរចាទៅមុខទៀតក៏ដោយ ហើយជាមួយគ្នានេះដែរ លោក គីម ប្រហែលជានឹងលែងមានឆន្ទៈ ចង់បន្តកិច្ចចរចាក៏ថាបានដែរ។
សូមជម្រាបថា លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម នៅថ្ងៃសុក្រនេះ ហើយនឹងចេញដំណើរត្រឡប់ទៅប្រទេសខ្លួនវិញនៅថ្ងៃសៅរ៍ តាមរថភ្លើងពិសេសរបស់លោក៕