ព្រះសីហនុ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសប្រាប់ដល់អស់លោកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនៅក្នុងកិច្ចអន្តរាគមន៍រឿងទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ ត្រូវដកខ្លួនចេញជាបន្ទាន់ ដើម្បីទុកឱកាសឲ្យរដ្ឋបាលខេត្តព្រះសីហនុ ចាត់ការដោះស្រាយទៅតាមនីតិវិធីច្បាប់។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុង ពិធីបិទអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះក ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង។
សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ទំនាស់ដីធ្លីវាបានកើតយូរមកហើយ ក្នុងនោះមិនមែនមានតែនៅខេត្តព្រះសីហនុនោះទេ ខេត្តដទៃក៏មានដែរ តែសំរាប់ខេត្តព្រះសីហនុ មានអ្នកដណ្តើមដីគ្នាកាន់កាប់ បង្កជាទំនាស់ជាបន្តបន្ទាប់ នៅពេលដែលដីឡើងថ្លៃ ហើយបញ្ហានេះ វាមានអ្នកលូកដៃចូលអន្តរាគមន៍ពីខាងក្រៅថែមទៀត ដែលជាមូលហេតុនាំឲ្យមានបញ្ហា កាន់តែស្មុគស្មាញមួយកម្រិតទៀត។

សម្តេចក្រឡាហោម បានក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ និងបានស្នើឲ្យមន្ត្រីយកចិត្តទុកដាក់លើ ការបង្ក្រាបបទល្មើសគ្រឿងញៀន, ការគ្រប់គ្រងសំណល់រឹង-រាវ, ការការពារដីរដ្ឋឲ្យបានល្អ, ការទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់, ព្យាយាមដោះស្រាយទំនាស់ដីធ្លី កុំឲ្យកើតថ្មី, គ្រប់គ្រងជនបរទេស និងអាជីវកម្មអ្នកវិនិយោគដោយច្បាប់ និងជំរុញលើកកំពស់សមត្ថភាពរបស់ខ្លួនជាដើម៕