“​ឲ្យ​តែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន ដែលជា​ម្ចាស់ឆ្នោត​” ផ្កាយ​ក៏ដោយ លោក​ខែ ក៏ដោយ សូម​ប្រយ័ត្ន​ខ្លួន​

1126

ភ្នំពេញ​៖ អភិក្រម​ទី​៥ «​វះកាត់​» ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ណា ដែល​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន ដែលជា​ម្ចាស់ឆ្នោត ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចាប់ផ្តើម​អនុវត្ត និង​យ៉ាង​ម៉ឺងម៉ាត់​ហើយ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» មានតម្លៃ​ជិត ៥០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​សម្ដេច ហ៊ុន សែន បាន​ថ្លែងថា​៖ “​មន្ត្រីរាជការ​ណា​ដែល​ធ្វើអំពើ​ផ្តេសផ្តាស់ ត្រូវតែ​ទទួល​នូវ​វិន័យ ដែល​ពួកគេ​នឹងត្រូវ​ទទួល​នូវ​ការបណ្តេញចេញ ឬក៏​ត្រូវ​ទទួល​វិន័យ​ធ្ងន់ធ្ងរ​ជាង​នេះ ដូចជា​ការផ្តន្ទាទោស​ដោ​យ​ច្បាប់​”​។​

​សម្ដេច ហ៊ុន សែន បាន​ប្រដូច ជន​ទាំងឡាយណា ដែល​ធ្វើទុក្ខបុកម្និញ ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ទៅនឹង​គ្រាប់​គ្រួស ឬ​ខ្សាច់ ដោយ​ថ្លែងថា​៖ “​យើង​ត្រូវ​ធ្វើដំណើរ​ដោយ​ស្វាហាប់ ហើយ​យើង​ត្រូវតែ​យកចេញ​ពី​ក្នុង​ស្បែកជើង​របស់​យើង គ្រាប់​គ្រួស​ក៏ដោយ ខ្សាច់​ក៏ដោយ ត្រូវយក​ចេញពី​ជើង​របស់​យើង​ឱ្យអស់ បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​ដើរ​ទៅមុខទៀត​បាន​ទ ឬក៏​យើង​ដើរទៅ​វា​ពង​ជើង​របស់​យើង ឈឺ​ជើង​របស់​យើង​”​។​

​សម្ដេច​បាន​បញ្ជក់​ច្បាស់​ថា​៖”​ទាំង​មន្ត្រីរាជការ​ស៊ីវិល ទាំង​កម្លាំងប្រដាប់អាវុធ កុំ​ថា​អ្នកឯង​ពាក់​ផ្កាយ ពាក់​លោក​ខែ​ក៏​ខ្ញុំ​យកចេញ ពាក្យ​ថា ខ្លា​ក៏​វ៉ៃ ពស់​ក៏​វ៉ៃ កណ្តុរ​ក៏​វ៉ៃ ក​ន្លា​ត់​ក៏​វ៉ៃ រុយ​ក៏​វ៉ៃ វ៉ៃ​ទាំងអស់ ព្រោះនេះ ខ្ញុំ​ចង់ឱ្យ​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់​យើង​វា​ទៅមុខ ដោយ​មិន​ឈប់ឈរ ហើយ​ឱ្យ​ប្រជាជន​ទទួលស្គាល់ថា អ្វីដែល​គាត់​បាន​ប្រឹង​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន ពួកគាត់​នឹង​ទទួលផល​ពិតប្រាកដ ពី​ការអភិវឌ្ឍ​របស់​យើង ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​ដែល​ស៊ីប្រាក់ខែ​របស់​រដ្ឋ​នោះទេ​»​។​

​ជា​សាក្សី​ភាព ជាក់ស្ដែង នៃ​អភិក្រម​ទី​៥ «​វះកាត់​» របស់​សម្ដេច អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប គឺ លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ត្រូវបាន​ដកតំណែង ហើយ​ហើយ​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ ចាត់ការ​បន្ត​។​

លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ

គួរ​រំ​ម្លឹ​កថា អភិក្រម​ចំនួន​៥ ក្នុងនោះ​រួមមាន​៖ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នៃ​រដ្ឋសភា នីតិកាល​ទី​០៦ ដើម្បី​ធ្វើកំណែទម្រង់​ស៊ីជម្រៅ បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។ អភិក្រម​ថ្មី វះកាត់ មានន័យថា មន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្តិ​កំហុស នឹងមិន​ទុក​ទៀត​ទេ គឺ​ត្រូវតែ វះកាត់​ចេញ តែម្ដង​៕