ទីក្រុងវ៉ាស៊ីនតោន៖ តំណែងជាប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ ប្រហែលជាមិនអាចទម្លាក់បានទេ ព្រោះបើយោងតាមលទ្ធផលធ្វើការស្ទង់មតិថ្មីមួយ ដែលចេញផ្សាយដោយពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី៦ ខែមីនានេះ បានបង្ហាញឲ្យឃើញថា ប្រជាជនអាមេរិកភាគច្រើន មិនចង់ឲ្យមានការទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីនោះទេ។

យោងតាមការស្ទាបស្ទង់មតិខាងលើបានរកឃើញថា ប្រជាជនអាមេរិក ដែលមានសិទ្ធិទៅបោះឆ្នោត មានប្រមាណ ៥៩% បានជំទាស់នឹងការបើកនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតី ក៏ប៉ុន្តែទន្ទឹមនឹងនេះ មានប្រមាណ ៥៨ភាគរយ បានយល់ស្របឲ្យសភាធ្វើការស៊ើបអង្កេត លើរឿងអាស្រូវចោទប្រកាន់ អំពីទង្វើអសីលធម៌ និងខុសច្បាប់ផ្សេងៗរបស់លោក ដូណាល់ ត្រាំ។

គួរជម្រាបថា កាលពីសប្តាហ៍មុនអតីតមេធាវីរបស់លោក ដូណាល់ ត្រាំ គឺលោក ម៉ៃឃើល ខូហេន (Michael Cohen) បានចោទប្រកាន់លោក ដូណាល់ ត្រាំ ក្នុងអំឡុងការផ្តល់សក្ខីកម្ម នៅចំពោះមុខសភារបស់អាមេរិក ចំពោះបទល្មើសមួយចំនួន ដែលរួមមានដូចជា ការរំលោភលើការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងយុទ្ធនាការបោះឆ្នោត និងការក្លែងបន្លំ និងកឹបកេងពន្ធជាដើម។
ចំណែកឯក្រុមតំណាងរាស្ត្រ មកពីខាងបក្សប្រជាធិបតេយ្យជាច្រើននាក់ ក្រោយពីគណបក្សរបស់ពួកគេ បានដណ្តើមបានការកាន់កាប់ សភាតំណាងរាស្ត្ររបស់អាមេរិក កាលពីខែមករារួចមក ពួកគេបានប្តេជ្ញាថា នឹងបើកនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ប៉ុន្តែការសម្រេចចិត្តក្នុងរឿងនេះ ត្រូវការសំឡេងអនុម័តឲ្យបាន ២ភាគ៣ នៅក្នុងព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋសិន៕