ភ្នំពេញ៖ ខណៈដែលពេលជំងឺប៉េសអាហ្វ្រិក ឬហៅម្ស៉ាងទៀតជំងឺផ្ដាសាយជ្រូក បាននិងកំពុងរាលដាលយ៉ាងខ្លាំងក្លានៅភាគខាងជើងប្រទេសវៀតណាម ហើយបណ្ដាប្រទេសមួយចំនួនបានបិទមិនអោយមានការនាំចូលសាច់ជ្រូក ពីប្រទេសវៀតណាមជាដាច់ខាត ដូចគ្នានឹងប្រទេសកម្ពុជា បានធ្វើការហាមខាត់ឈ្មួញ មិនឲ្យនាំចូលជ្រូកមកពីប្រទេសវៀតណាម ដោយឲ្យអោយឈ្មួញធ្វើការនាំចូលពីប្រទេសថៃ ដើម្បីយកមកបំពេញតម្រូវការទីផ្សារវិញ និងថែមទាំងបានបានដាក់ពង្រាយកម្លាំងបន្ថែម នៅតាមព្រំដែនវៀតណាម ដើម្បីទប់ស្កាត់ការនាំចូល ឲ្យបានដាច់ខាត។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ទៅសារព័ត៌មានកោះសន្ដិភាពថា ចាប់តាំងពីប្រទេសវៀតណាម ផ្ទុះជំងឺប៉េសអាហ្វ្រិកលើសត្វជ្រូក ពីប៉ុន្មានខែមុន ក្រសួងពាក់ព័ន្ធនានា បានចេញសេចក្តីប្រកាស ទប់ស្កាត់ពីការនាំចូលជ្រូកពីប្រទេសវៀតណាម មកផ្គត់ផ្គង់តម្រូវការក្នុងប្រទេសកម្ពុជា ដោយអោយឈ្មួញបង្វែការនាំចូលសត្វជ្រូកពីប្រទេសថៃមកវិញ។
មន្ត្រីនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ ត្រូវបានបញ្ចូនឲ្យទៅកាន់ព្រំដែន ដើម្បីត្រួតពិនិត្យមើលពីការនាំចូលជ្រូកពីប្រទេសវៀតណាម និងត្រូវធានាថា ជ្រូកដែលនាំចូលពីវៀតណាមជាជ្រូកដែលល្អ មិនមានផ្ទុកជំងឺ តែយ៉ាងណានាយកដ្ឋាន នឹងជំរុញអោយឈ្មួញ ងាកទៅនាំចូលពីប្រទេសថៃវិញ ដើម្បីធានាមិននាំជំងឺមកចម្លងដល់ជ្រូកនៅស្រុកខ្មែរ។
ក្រសួងកិសិកម្ម បានធ្វើការទឹកចិត្តអោយពលរដ្ឋរាយការណ៍ មកកាន់នាយកដ្ឋានតាមរយៈបណ្ដាញសង្គម ឬវិធីណាដែលងាយស្រួល បើសិនប្រទះឃើញមានករណី លួចនាំចូលជ្រូកពីវៀតណាម តាមច្រកណាមួយមកកាន់ទឹកដីកម្ពុជា ហើយបើសិនជាមន្ត្រីជំនាញរកឃើញថាជ្រូកនោះ មានផ្ទុកជំងឺនឹងត្រូវដុតបំផ្លាញចោល។ ចំពោះឈ្មួញលួចនាំចូលវិញ អាចនឹងត្រូវមានទោសដែលមានចែងនៅក្នុងច្បាប់ ដោយត្រូវពិន័យជាទឹកប្រាក់ពី ១០លានទៅ១៥លានរៀល ព្រមទាំងជាប់ក្នុងបទល្មើសថែមទៀតផង៕