ភ្នំពេញ៖ លោក ហ៊ាន ង៉ន អនុប្រធាននាយកដ្ឋានកសិកម្ម ខេត្តកំពត បានឲ្យដឹងថា ផ្លែទុរេនកំពត លក់បានក្នុងតម្លៃចន្លោះពី ២២.០០០ រៀលទៅ ៥០.០០០ រៀលក្នុងមួយគីឡូក្រាម ខ្ពស់ជាងកាលពីឆ្នាំមុន ដែលលក់បានតែ ១៨.០០០ រៀល ទៅ ២០.០០០ រៀលប៉ុណ្ណោះ។
ចំណែកលោក ស៊ុន ថាវរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានប្រាប់ថា ផ្លែទុរេនកំពង់ចាម នៅពេលបច្ចុប្បន្ននេះលក់បានក្នុងតម្លៃរហូតដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម។
ការលក់បានថ្លៃនេះ ដោយសារតែ ទីផ្សារមានតម្រូវការច្រើន ហើយទិន្នផល ផ្លែទុរេន មានការថយចុះក្នុងឆ្នាំនេះ ដោយសារ កត្តាអាកាសធាតុក្ដៅខ្លាំងពេក មិនអំណោយផលល្អសម្រាប់ការដាំដុះទុរេនទេ។ ទុរេន ត្រូវការអាកាសធាតុត្រជាក់ទើបលូតលាស់ល្អ។
ក្រៅពីខេត្តកំពត និងខេត្តកំពង់ចាម ទុរេនក៏ត្រូវបានដាំដុះនៅខេត្តកែប និងខេត្តបាត់ដំបងផងដែរ។ ទុរេនកម្ពុជា អាចផ្គត់ផ្គង់បានតែនៅក្នុងស្រុកតែប៉ុណ្ណោះ។
រដូវប្រមូលផលទុរេនកំពត ចាប់ពីពាក់កណ្តាលខែមេសា ដល់ខែមិថុនា ហើយ ទុរេនកំពង់ចាម ចាប់ផ្តើមនៅខែឧសភា និងបញ្ចប់នៅខែកក្កដា៕