ភ្នំពេញ៖ លោក លឺ ឡាយស្រេង បានបង្ហោះឃ្លីបមួយកាលពីម្សិលមិញ ជាការឆ្លើយតបទៅសម្ដេច ហ៊ុន សែន វិញថា លោករំភើបចិត្តណាស់ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យចូលស្រុកវិញ ដោយមិនប្រកានទោសពៃរ៍ ចំពោះរឿងបរិហារកេរ្តិ៍ និងប្រមាថព្រះមហាក្សត្រកន្លងមក។
លោក លឺ ឡាយស្រេង បានបញ្ជាក់ថា លោកត្រូវទៅពិនិត្យសុខភាពជាមុនសិន មុននឹងលោកត្រលប់មកស្រុកកំណើតវិញ នៅក្នុងសបា្ដហ៍នេះ តែលោកត្រូវទៅជួបជាមួយពេទ្យសិន ព្រោះលោកមានជំងឺបេះដូង ស្ត្រូក និងខួរក្បាល ដែលត្រូវទៅត្រួតពិនិត្យ ១ខែម្ដង។
លោក លឺ ឡាយស្រេង ក៏បានថ្លែងសុំខមាលទោសពីព្រះមហាក្សត្រផងដែរ ដោយលោកបានពោលថា៖ “លែងនិយាយលែងអីហើយ ព្រោះនិយាយទៅ វារត់ចោលស្រុក វាប៉ះពាល់ដល់កិត្តិនាម ព្រះនាមព្រះកូណាម្ដងទៀត សុំខមាទោសសុំព្រះរាជទានទោស ដល់ទូលព្រះបង្គំដែលធ្លាប់បម្រើតាំងពីព្រះរាជបិតា រហូតដល់ព្រះអង្គសព្វថ្ងៃនេះព្រោះចង់បានឲ្យព្រះអង្គចេញមកដោះស្រាយឲ្យចប់ឆាប់ៗ។”
គួររំម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង ៣ ពាន់នាក់ កាលពីថ្ងៃចន្ទសបា្ដហ៍នេះថា៖ “អញ្ជើញមកលោកតា គ្មានអាណាគេចាប់ទេ.. ឥឡូវបើក លឺ ឡាយស្រេង ចូលស្រុកមក។ តាអើយតា ត្រឡប់មកវិញមក ហើយគ្រាន់តែសុំកុំឡប់តទៅទៀត”។
ការដែលសម្ដេច ហ៊ុន សែន បានធ្វើការប្រកាសបែបនេះ ក៏ព្រោះតែសម្ដេចបានទទួលដំណឹងតាមរយៈការបង្ហោះ នៅក្នុងគណនីហ្វេសប៊ុករបស់ លោក លឺ ឡាយស្រេង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា៖ “គួរឲ្យស្រណោះចាស់ម្នាក់ ធ្វើខុសបន្តិចបន្តួចរត់មកនៅប្រទេសគេ ហើយប្រទេសគេនេះមិនដូចប្រទេសយើង នឹកបងប្អូនណាស់ នឹកប្រទេសជាតិណាស់។ មិនដឹងជាថ្ងៃណានឹងបានចូលទៅវិញឬក៏ចោលឆ្អឹងនៅស្រុកគេក៏មិនដឹង ព្រោះចេះតែមានជំងឺមានអីផង។ ខ្ញុំបាននិយាយច្រើនដងហើយ សុំឲ្យសម្ដេចនាយកអនុគ្រោះនិយាយខុសត្រូវអី ខុសអីតិចតួចហ្នឹងទុកជាមោឃៈទៅ។ អនុញ្ញាតឲ្យខ្ញុំទៅស្រុកវិញទៅពីព្រោះខ្ញុំបានបម្រើជាមួយសម្ដេចហ្នឹង ៣ អាណត្តិមកហើយ ខ្ញុំបាននិយាយច្រើនដងហើយរឿងហ្នឹង។”
លោក លឺ ឡាយស្រេង បានជាប់បណ្ដឹងចំនួន ៣ នៅឆ្នាំ ២០១៧ ក្រោយពេលលោកសន្ទនាឯកជនជាមួយ លោកស្រី គី លំអង ដែលបន្ទាប់មកសារសន្ទនានោះ ត្រូវបានបែកធ្លាយ ពីការដែលលោក ប្រមាថដល់អង្គព្រះមហាក្សត្រ។
លោក លឺ ឡាយស្រេង ក៏ត្រូវបានប្ដឹងដោយសម្ដេចតេជោ ហ៊ុន សែន តាមរយៈមេធាវីតំណាង ក្នុងករណីដែលថាសម្ដេចតេជោ បានសូកប៉ាន់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលយកកៅអីទំនេរ ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ បន្ថែមពីលើនេះ លោក ក៏ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្ដឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ផងដែរ ដោយសារតែលោកលើកឡើងថា អ្នកដែលទទួលកៅអី ជាតំណែងតំណាងរាស្ត្រ ពីគណបក្សសង្គ្រោះជាតិ ត្រូវផ្ដល់ប្រាក់ ២ ម៉ឺនដុល្លារម្នាក់ ទៅមេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច។
កាលពីដើមឆ្នាំមុន លោក លឺ ឡាយស្រេង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីឲ្យចាញ់បណ្ដឹងរបស់សម្ដេច ហ៊ុន សែន ដោយផ្ដន្ទាទោសឲ្យសងជំងឺចិត្ត ៥០០ លានរៀលដែលស្មើនឹងប្រមាណ ១២ ម៉ឺន ៥ ពាន់ដុល្លារ៕