ធនាគារ​ពិភពលោក ថា ការ​រាតត្បាត ​នៃ ​ជំងឺកូវីដ១៩ កំពុង​ប៉ះទង្គិច​យ៉ាង​ដំណំ​ដល់​ សេដ្ឋកិច្ច​របស់​កម្ពុជា

836

ភ្នំពេញ៖ ធនាគារពិភពលោក លើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះ តំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារ មានកម្រៃ ប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី២៩ ខែឧសភានេះ បានបញ្ជាក់នូវអំណះអំណាងថា នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិត នៅពេលដែលគ្មានជំងឺកូវីដ១៩ ពិសេស ក្នុងចំណោមក្រុមគ្រួសារ ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗមានវិស័យទេសចរណ៍ សំណង់ ពាណិជ្ជកម្ម ឧស្សាហកម្មផលិត និង ឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។

ជាមួយគ្នានេះ ឱនភាពសារពើពន្ធ នឹងមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល២២ឆ្នាំកន្លងមកនេះ។

ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើន បានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ ខណៈការហូរចូលនៃមូលធនមកពីក្រៅប្រទេស ក៏កំពុងតែស្តួចស្តើងទៅៗ ដែលនឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ទៀតផង។

ធនាគារពិភពលោក ក៏បានលើកឡើងទៀតថា កម្ចីមិនដំណើរការ ត្រូវបានរំពឹងថា នឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្ន ដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យវិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិ កូវីដ១៩នេះ និងក្នុងការ ពង្រឹងសេដ្ឋកិច្ច ឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត។ លោកស្រី បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ច និងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឱ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គមនៅក្នុងរយៈពេលមធ្យម៕