ភ្នំពេញ៖ “ខ្ញុំមិនដឹងថា តើមានបាតុកម្មប្រឆាំងខ្ញុំឬអត់? ប៉ុន្តែទោះបីជាឡើងភ្នំភ្លើងក៏ខ្ញុំទៅ ហ្សឺណែវដែរ ម៉ោង៤៖០០ល្ងាច ថ្ងៃទី០៤ ខ្ញុំនឹងជួបពលរដ្ឋខ្មែរយើងប្រមាណ៧០០នាក់” ។
នេះគឺជាការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី សំណេះសំណាល និងផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាឡើងវិញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ ក៏ព្រោះតែជារៀងរាល់ពេល ដែលសម្ដេចអញ្ចើញទៅចូលរួមកិច្ចប្រជុំនៅក្នុងទ្វីបអឺរ៉ុប ឬអាមេរិក ចលនាបក្សប្រឆាំង និងបក្សប្រឆាំង តែងតែប្រកាសធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានរបស់សម្ដេច ប៉ុនតែលើកនេះ ហាក់ដូចមិនទាន់មានក្រុមបក្សប្រឆាំងណាមួយ អះអាងធ្វើបាតុកម្មនៅឡើយនោះទេ ខណៈសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅនៅអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។
កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នឹងប្រព្រឹត្តទៅក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច៕