លោក គង់ បូរ៉ា បានតំណែងជាអនុរដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ ក្រោយពេលចុះចូល CPP

3841

លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យនេះបានចេញកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក គង់ បូរ៉ា ស្ថិតក្នុង​ចំណោម​អតីតមន្ត្រី​ជាន់ខ្ពស់​១១៨​នាក់​របស់​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ រួម​ជាមួយនឹង​ការប្រកាស​រំលាយ CNRP ដោយ​តុលាការ​កំពូល​។ ក្រោយមក​លោក​បានសម្រេច​ចិត្ត​តាម​លោក គង់ គាំ ដែលជា​ឪពុក​ក្នុងការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ ខណៈ លោក គង់ សភា ដែលជា​បងប្រុស​រក្សា​ជំ​ហរ​ជាមួយ​លោក សម រង្ស៊ី និង CNRP ដដែល។ ក្រោយមកទៀត  លោក គង់ បូរ៉ា បានចូលរួមជីវភាពនយោបាយ​ជាមួយ គណបក្សប្រជាជនកម្ពុជា CPP។

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ​ លោក គង់ បូរ៉ា ចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា CPP បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា CPP រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណបក្សប្រជាជនកម្ពុជា CPP គ២៧៕