ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រាប់ទៅ លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស របស់ អង្គការសហប្រជាតិ (អសប) ប្រចាំកម្ពុជា នៅក្នុងជំនួបកាលពីថ្ងៃទី៧ ខែឧសភាថា ក្រសួងគ្រោងនឹងបញ្ចប់ការចុះបញ្ជីដីធ្លីត្រឹមឆ្នាំ ២០២១ ដែលរហូតមកដល់ពេលនេះ កិច្ចការចុះបញ្ជីដីធ្លីធ្វើបាន ៧៥%ហើយ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងទៀតថា ក្រសួងបានចុះបញ្ជីដី ៥,២ លានក្បាលដី ស្មើនឹង ៧៤ ភាគរយ ក្នុងចំណោមក្បាលដីសរុប ៧ លានក្បាលដី ក្នុងនោះក្រសួងបានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤ សហគមន៍ និងបានដោះស្រាយបញ្ចប់វិវាទដីធ្លី ៨ ០៦២ ករណី ហើយនៅសល់ប្រមាណជា ២០០០ ករណីទៀត ក្រសួងកំពុងបន្តដោះស្រាយ។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រាប់លោកស្រី រ៉ូណា ស្ម៊ីត ផងដែរថា ក្រសួងនឹងជំរុញពន្លឿនការចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់, ការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា, ការគាំទ្ររដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំការតាំងលំនៅថ្មី របស់ពលរដ្ឋដែលរស់នៅលើទឹក, ការសហការកែលម្អក្របខ័ណ្ឌនគរូបនីយកម្មនៅកម្ពុជា និងការរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីនគរូបនីយកម្មឱ្យបានជោគជ័យ៕