ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូនលោក យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃប្រទេសហុងគ្រីនិងលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះរាជសវនាការនាព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំងនាព្រឹកថ្ងៃ ទី២៨ខែតុលាឆ្នាំ២០១៩ក្នុងឱកាសដែលលោកនិងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ ។

លោកប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រីនិងលោកជំទាវបានអញ្ជើញមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២៧ ខែ តុលា ២០១៩ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ ៣០ ខែតុលាឆ្នាំ ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
បន្ទាប់ពីចូលក្រាបថ្វាយបង្គំគាល់គាល់ព្រះមហាក្សត្រខ្មែររួចមកលោកប្រធានាធិបតីនិងលោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរបានអញ្ជើញទៅដាក់ផ្កានៅវិមានឯករាជ្យនិងអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះមហាវីរក្សត្រកម្ពុជា ។
លោកប្រធានាធិបតីនឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានិងសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ហើយនៅពេលរសៀលនេះលោកប្រធានាធិបតីនឹងអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលនៅក្នុងជំនួបនោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនរួមទាំងបញ្ហាតំបន់និងអន្តរជាតិដែលជាការ យកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។

លោកប្រធានាធិបតី និងលោកជំទាវក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានានៅក្នុងឧទ្យា នអង្គរនិងកន្លែងសំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ។
នេះជាស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោកជេណូស អាឌ័រ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រីកនិងព្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំ ណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពនិងសាមគ្គីភាពក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕