ក្នុងមួយថ្ងៃ មាន​អ្នកជិះ​យន្តហោះ​មក​កម្ពុជា​ពី ៣ទៅ ១០នាក់ប៉ុណ្ណោះ

687

ភ្នំពេញ៖ ប្រទេកម្ពុជា ស្ទើតែមិនមានភ្ញៀវ មកពីក្រៅប្រទេស តាមជើងហោះហើរនោះឡើយ ពោល គឺមានប្រហែលពី ៣ទៅ ១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ អំឡុងពេលដែលវីរុសកូវីដ១៩ កំពុងវាយប្រហាពិភពលោក ហើយប្រទេសនីមួយៗក៏កំពុងប្រយុទ្ឋប្រឆាំងវីរុសដ៏កាចសាហាវនេះ។ នេះ​បើតាមការឱ្យដឹងពីលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
លោក ជា អូន បានប្រាប់សារព័ត៌មាន Click News នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ថា អ្នកដំណើរពី ៣ ទៅ ១០នាក់ ក្នុងមួយថ្ងៃនេះ ភាគច្រើន គឺជាអ្នកជំនួញរបស់ប្រទេសចិន និងកូរ៉េ ដែលបានធ្វើដំណើរក្នុងជើងហោះហើ ពី ៥ទៅ ១០យន្តហោះ ដែលជាចំនួនតិចតួចបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ខុសពីពេលមុន កម្ពុជា មានជើងហោះយ៉ាងតិច ១៥០ ឬក៏អាចច្រើនជាងនេះ ជាប្រចាំថ្ងៃ តែចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩មក ជើងហោះហើរកម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់។ បញ្ហានេះ មិនមែនតែកម្ពុជានោះទេ បណ្តាប្រទេសនានា ក៏ជួបបញ្ហានេះដែរ។
លោកបញ្ជាក់ថា ក្នុងក្រុមហ៊ុនអាកាសចរណ៍បរទេសភាគច្រើនដែលហោះហើមកកម្ពុជានេះ បានជំនួសឱ្យការដឹកទំនិញទៅវិញ ហើយក្នុងមួយថ្ងៃគេអនុញ្ញាតិឱ្យហោះហើរបានតែមួយជើងប៉ុណ្ណោះក្នុងមួយក្រុមហ៊ុន។
សូមបញ្ជាក់ថា ការដែលមិនមានភ្ញៀវធ្វើដំណើតាមយន្តហោះនេះ មិនមែនមកពីកម្ពុជាបិទជើងហោះហើរនោះទេ។ ប៉ុន្តែ មានប្រទេសចំនួន ៥ ដែលមានការរីករាលដាលខ្លាំងវីរុសកូវីដ១៩ គឺបារាំង អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និងអាមេរិក ដែលកម្ពុជា បានបិទមិនឱ្យហោះហើរមកកម្ពុជា រហូតមកទល់ពេលនេះ និងមិនទាន់មានការបើកឡើងវិញនៅឡើយទេ៕
ដោយ៖ គង់ ប៊ុនណា