អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរថ្មី (AIAI) នឹង​បញ្ចប់​ការសាងសង់​ជាស្ថាពរ​នៅឆ្នាំ ២០២៣ បើទោះបី​កំពុង​ប្រឈមជំងឺកូវីដ១៩

806

ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់ បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក នៅឆ្នាំ២០២៣ខាងមុខ បើទោះបីបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ។

ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI)។
ក្នុងជំនួប លោក លូ វី បានរាយការណ៍អំពីវឌ្ឍនភាពការងារថា បច្ចុប្បន្ននេះ ក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

លោក លូ វី បញ្ជាក់ថា ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។ ជាមួយនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពអញ្ជើញលោករដ្ឋមន្រ្តី ទៅធ្វើទស្សនកិច្ច និងពិនិត្យលើការងារសាងសង់តាមពេលវេលាសមស្របឆាប់ៗខាងមុខ។
ជាការឆ្លើយតប លោក ម៉ៅ ហាវណ្ណាល់ បានជម្រុញ និងឯកភាពឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រួតពិនិត្យការងារ បញ្ហាប្រឈម រកដំណោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី២៥ ប្រចាំខែ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជិតស្និតរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជា ប្រកាន់ភ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ និងជាពិសេស បើទោះបីក្នុងពេលប្រទេសចិនកំពុងមានជំងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលជាការបញ្ជាក់នូវចំណងមិត្តភាពពិសេស “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកតែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់៕