កម្ពុជា នឹង​សង់ស្ពាន ឆ្លងទន្លេ​មេគង្គ​មួយទៀត នៅ​ខេត្តក្រចេះ ក្រោម​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​

923

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បង្ហើប​ឲ្យ​ដឹងថា នឹងមាន​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត នៅ​ខេត្តក្រចេះ ដែលមាន​ប្រវែង​សរុប ១.៧៦១ ម៉ែត្រ ក្រោម​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​ចិន​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បង្ហើប​ប្រាប់​ព័ត៌មាន​នេះ នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យ ទីតាំង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅនេះ​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា​ទៀតថា លោក​នឹង​រៀបចំ​គម្រោង​សំណើ​នៅ​ឆ្នាំ​២០២០ ហើយ​ការសាងសង់ អាច​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០២១ ។​

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល

បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្ពាន​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ទៅដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ពី​ខេត្តស្ទឹងត្រែង ទៅកាន់​ខេត្តកំពង់ធំ ដែល​ស្ពាន​នេះ នឹង​ផ្តល់នូវ​ផលចំណេញ​ទាំង​ពេលវេលា និង​ថវិកា ច្រើនជាង​មុន ។​

​ចំណែក​ការស្នើ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ប្រាប់ថា កុំ​រិះគន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះ​ជា​កម្ចី គឺ​ដើម្បី​ចំណេញ​ជាតិ ចំណេញ​ប្រជាពលរដ្ឋ ហើយ ខ្ចី​មក​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។​

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល

​ម្យ៉ាងវិញទៀត បំណុល​នៃ​ការ​កម្ចី​របស់​ចិន​នេះ មិនមែនជា​អន្ទាក់​នោះទេ ព្រោះថា ចិន​មិនបាន​ហៅ​កម្ពុជា​ឱ្យ​ខ្ចីលុយ​នោះទេ តែ​កម្ពុជា​ជា​អ្នកស្នើសុំ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ៕​