ឌូបៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសវៀតណាម ឈ្នះក្រុមហ្ស៊កដានី បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម ខណៈក្រុមថៃ បានប្រកួតចាញ់ចិន ២-១ ជ្រុះចេញត្រឹមវគ្គ ១៦ក្រុម កាលពីរាត្រីថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្រុមវៀតណាម បានរបូត១គ្រាប់មុននៅនាទីទី៣៩ ពីការទាត់បាល់ Free Kick របស់ក្រុមហ្ស៊កដានី មុនពេលត្រូវបានក្រុមវៀតណាម វាយបកតាមបានស្មើ ១-១ នៅនាទីទី៥១ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង មុនពេលកំណត់កាត់សេចក្តីប៉េណាល់ទី ខណៈក្រុមវៀតណាម ទាត់ចូល ៤គ្រាប់ និងក្រុមហ្ស៊កដានី ទាត់ចូលតែ ២គ្រាប់ប៉ុណ្ណោះ ដែលធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
សម្រាប់ក្រុមថៃ ត្រូវបានក្រុមចិនវាយបកយកជ័យជម្នះ ២-១ ក្នុងវគ្គទី២ បន្ទាប់ពីក្រុម ដំរីថៃបានបើកការនាំមុខ ១គ្រាប់តាំងពីនាទីទី៣១ វគ្គទី១មក និងអស់សិទ្ធិឡើងទៅវគ្គ៨ក្រុមចុងក្រោយតែម្តង។
ក្នុងវគ្គ ៨ក្រុម ក្រុមវៀតណាមអាចជួបក្រុមជើងខ្លាំងប្រចាំតំបន់ សាម៉ូរៃជប៉ុន ឬក៏អារ៉ាប៊ីសាអូឌីត ខណៈពួកគេត្រូវប្រកួតគ្នា រាត្រីថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងវគ្គ១៦ក្រុម។ នៅពេលនេះរកបាន ៣ក្រុមហើយ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ រួមមាន វៀតណាម ចិន និងអ៊ីរ៉ង់៕