ភ្នំពេញ៖ លោក Michael Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានទទួលយកការបកស្រាយរបស់កម្ពុជា ចំពោះរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា ដោយលោកបានអះអាងថា៖ “សហរដ្ឋអាមេរិកស្វាគមន៍ ការការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា”។
លោក Michael Pompeo បានថ្លែងបែបនេះនៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
គួររំម្លឹកផងដែរថា ប្រទេសកម្ពុជា និងចិន បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ចំពោះការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិន បោះមូលដ្ឋានកងទ័ព នៅរាម ក្នុងខេត្តព្រះសីហនុ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានអនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
នៅមូលដ្ឋានកងទ័ពជើងទឹករាម រកមិនមានមូលដ្ឋានទ័ពចិន ឬមានការប្រែប្រួលអ្វី ដូចការចុះផ្សាយឡើយ៕