Channel News Asia៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) នាថ្ងៃអង្គារទី២ កក្កដានេះ បានប្រាប់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានស្នើឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញពីភាពបត់បែនខ្លះ រួមមានការបន្ធូរបន្ថយទណ្ឌកម្ម ចំពោះប្រទេសកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំ G20 កាលពីសប្តាហ៍មុន។
លោក វ៉ាង យី បានបន្តថា លោក ស៊ី ជិនពីង ប្រាប់ទៅលោក ដូណាល់ ត្រាំ ឲ្យព្យាយាមរកដំណោះស្រាយ សម្រាប់ក្តីកង្វល់របស់ភាគីទាំងពីរ តាមរយៈកិច្ចចរចា ផងដែរ។
គួររំម្លឹកផងដែរថា លោក ស៊ី ជិនពីង បានទៅធ្វើទស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រធានាធិបតីចិន នៅកូរ៉េខាងជើង ដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន មុនពេលកិច្ចប្រជុំ G20 ដែលរៀបចំឡើងនៅប្រទេសជប៉ុន។ ចំណែកលោក ដូណាល់ ត្រាំ ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ហើយធ្លៀតស្តាត់ជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រំដែនគ្មានយោធា នៃអន្តរកូរ៉េថែមទៀតផង។
តាមរយៈជំនួបនេះ លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានឯកភាពគ្នាបន្តកិច្ចចរចាកម្រិតការងារ ស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងឡើងវិញ ហើយទីក្រុងប៉េកាំង ក៏បានចេញមុខស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះដំណើរការវិវឌ្ឍន៍នេះដែរ៕