កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ ទ្វេភាគី​ជាមួយ​ចិន នឹង​ជំរុញ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា

577

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារបស់កម្ពុជា លោក សុខ សុភ័ក្ត្រ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដ៏មានសារៈសំខាន់របស់កម្ពុជា។ លោកថា នៅពេលចូលជាធរមាន, កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការធ្វើពិពិតកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជា ជាពិសេស ផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម ទៅកាន់ ទីផ្សារដ៏ធំរបស់ចិន តាមរយៈការឯកភាពលើការបើកទីផ្សាទំនិញបន្ថែមនេះ ។

ការអះអាងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានបញ្ចប់ការចរចានៅជុំទី ៣ ដែលជាជុំចុងក្រោយ កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

លោក សុខ សុភ័ក្ត្រ បានលើកឡើងទៀតថា កិច្ចព្រមព្រៀងនេះ ក៏នឹងជួយពន្លឿនដំណើរការនៃការធ្វើសមារហណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក តាមរយៈការពង្រឹងការ ចូលរួមរបស់កម្ពុជានៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលលោក ក៏ដូចជាប្រែក្លាយកម្ពុជាជាប្រទេសមានសក្កានុពល ទាក់ទាញវិនិយោគធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារចិន ។

កម្ពុជា បានចាត់ទុក កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធិផល និងផ្លែផ្កាដែលកើតចេញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងការប្តេជ្ញាបន្តរឹតចំណងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងរឹងមាំលើគ្រប់វិស័យ សំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខនេះ ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារចរចារបស់កម្ពុជា ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយបានបញ្ចប់ការចរចា តាមកាលបរិច្ឆេទ ដូចបានគ្រោងទុក៕