ក្រុមហ៊ុន​អូស្ត្រាលី កំពុង​ស្វែងរក​ការវិនិយោគ​បន្ថែម​នៅកម្ពុជា

748

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី មានបំណងដឹកនាំក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជា ថាមពលវារីអគ្គីសនី និងថាមពលព្រះអាទិត្យជាដើម។ នេះបើយោងតាមជំនួបរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។

លោក Pablo Chiho Kang បានបង្ហាញអំពីគោលបំណងក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទាំងលើផ្នែកធុរកិច្ច ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏មានបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេស សភាពាណិជ្ជកម្មកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឱ្យវិស័យឯកជននៅកម្ពុជា។ ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ លោក មានបំណងដឹកនាំក្រុមហ៊ុនអូស្ត្រាលី មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជា ថាមពលវារីអគ្គីសនី និងថាមពលព្រះអាទិត្យជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តីរីករាយចំពោះឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលទទួលបានបេសកកម្មដ៏ឧត្តុង្គឧត្តម និងសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី ឱ្យកាន់តែមានភាពរីកចម្រើន។

អ្នកឧកញ៉ា បានលើកឡើង និងធ្វើការវាយតម្លៃខ្ពស់ចំពោះប្រទេសអូស្ត្រាលីដែលដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលេចចេញជារូបរាងឡើង។ បច្ចុប្បន្ន ប្រជាជនកម្ពុជា ជាច្រើននាក់បានទទួលសញ្ជាតិ និងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។

អ្នកឧកញ៉ា បានជម្រាបបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីចំនួន ២លើកផងដែរ។ អ្នកឧកញ៉ា បាននាំយកក្រុមហ៊ុនអូស្ត្រាលីធំៗមួយចំនួនមកកាន់កម្ពុជា ដូចជា ធនាគារ ANZ Royal ក្រុមហ៊ុន Toll Group និងធនាគារវីង ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត និងស្វាគមន៍ជានិច្ចក្នុងការសហការជាមួយគ្រប់ក្រុមហ៊ុនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយអ្នកឧកញ៉ា ជូនពរលោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការងារ និងសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មរបស់លោកឯកអគ្គ​រដ្ឋទូត ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំង និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងធុរកិច្ច៕

ដោយ៖ គង់ ប៊ុនណា