វ៉ាស៊ីនតោន (BBC)៖ លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិក បានចោទប្រកាន់អ៉ីរ៉ង់ ថាគឺជាអ្នកនៅពីក្រោយ និងជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារលើ កប៉ាល់ដឹកប្រេងជប៉ុនមួយគ្រឿង និងន័រវេសមួយគ្រឿង កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅនេះ នៅឯឈូងសមុទ្រអូម៉ង់។

ការចោទប្រកាន់នេះ លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) សំអាងទៅលើ ការវិភាគពីប្រភេទអាវុធដែល គេប្រើប្រាស់ក្នុងការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំង២គ្រឿងខាងលើ។

ការវាយប្រហារលើ កប៉ាល់ដឹកប្រេងជប៉ុនឈ្មោះ Kokuka Courageous និងកប៉ាល់ Front Altair ដែលជាកម្មសិទ្ធិរបស់ន័រវេស កើតមានឡើងនៅចំពេលលោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្ត្រីជប៉ុន កំពុងបំពេញទស្សនកិច្ចនៅប្រទែសអ៉ីរ៉ង់។
សេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយបេសកកម្មការទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការច្រានចោល ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដោយទុកថា គឺជាការអះអាងគ្មានមូលដ្ឋាន។
បន្ទាប់ពីអាមេរិកចោទអ៉ីរ៉ង់ ថាជាអ្នកនៅពីក្រោយ អាមេរិក បានបញ្ជូននាវាពិឃាត ប្រដាប់ដោយមីស៊ីលមួយគ្រឿងទៀត ទៅកាន់តំបន់ឈូងសមុទ្រអូម៉ង់ តែថាអះអាងថា គ្មានបំណងបង្កជម្លោះ នៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ គឺដើម្បីការពារផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្ត ព្រោះសង្រ្គាមជាមួយអ៉ីរ៉ង់ មិនស្ថិតនៅក្នុងផលប្រយោជន៍យុទ្ធសាស្ត្ររបស់យើង ហើយក៏មិនមែនជាផលប្រយោជន៍សម្រាប់សហគមន៍អន្តរជាតិទំាងមូលដែរ។

គួររំម្លឹកផងដែរថា កាលពីថ្ងៃ១៣ មិថុនា ក្រុមនាវិករាប់សិបនាក់ នៅលើកប៉ាល់ Kokuka និងកប៉ាល់ Front Altair ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានហេតុការណ៍ផ្ទុះជាច្រើនលើកបានកើតឡើង។ ការផ្ទុះនេះខាងលើនេះ កើតមានបន្ទាប់ពី កប៉ាល់ដឹកប្រេង ៤គ្រឿង រងការវាយប្រហារនៅឯឈូងសមុទ្រ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីខែឧសភា កន្លងទៅ រីឯសហរដ្ឋអាមេរិក ក៏ធ្លាប់បានចោទអ៉ីរ៉ង់ថា ជាអ្នកប្រព្រឹត្តផងដែរ៕