
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជា នឹងអាចប្រមូលចំណូលតាមរយៈការបង់ពន្ធពី អាជីវកម្ម កាស៊ីណូ (Cambodia Casino Business) ដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាបានប្រមាណ ៧០លានដុល្លារអាមេរិក លើសពីឆ្នាំ ២០១៨ ដែលកម្ពុជា ប្រមូលពន្ធបានពី អាជីវកម្ម កាស៊ីណូ តែ ៤៦លានដុល្លារអាមេរិកប៉ុណ្ណោះ។
អត្ថបទទាក់ទង៖ អាជ្ញាប័ណ្ណធ្វើអាជីវកម្មកាស៊ីណូ នៅកម្ពុជា សរុបទាំងអស់មានចំនួន ១៥០

លោក រស់ ភារុន អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានខ្មែរថាមស៍ ថា អាជ្ញាធរ បានផ្តល់អាជ្ញាប័ណ្ណ អាជីវកម្ម កាស៊ីណូ ចំនួន១៣ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០១៩នេះ បើគិតជាសរុបមក អាជ្ញាធរបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម កាស៊ីណូ ចំនួន១៦៣ ក្នុងនោះ អាជ្ញាប័ណ្ណអាជីកម្ម កាស៊ីណូ ចំនួន៩១ ផ្ដល់ឲ្យសម្រាប់អាជីវកម្ម កាស៊ីណូ នៅក្នុងខេត្តព្រះសីហនុ។
ក្នុងចំណោមអាជ្ញាប័ណ្ណ អាជីវកម្ម កាស៊ីណូ ទាំងអស់ មានតែ កាស៊ីណូ ចំនួន ៥១ ប៉ុណ្ណោះ ដែលកំពុងដំណើរការ ចំណែក កាស៊ីណូ មួយចំនួនកំពុងត្រូវបានសាងសង់ ហើយមួយចំនួនបានផ្អាកប្រតិបត្តិការរបស់ខ្លួន។

សេចក្តីព្រាងច្បាប់ គ្រប់គ្រង អាជីវកម្ម កាស៊ីណូ បានធ្វើរួចរាល់ហើយដោយក្រសួងពាក់ព័ន្ធ ហើយសេចក្តីព្រាងច្បាប់ គ្រប់គ្រង អាជីវកម្ម កាស៊ីណូ នឹងត្រូវបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យនិងអនុម័ត។
ច្បាប់ គ្រប់គ្រង អាជីវកម្ម កាស៊ីណូ នឹងទាក់ទាញវិនិយោគិន អាជីវកម្ម កាស៊ីណូ ធំៗ និងបង្កើនប្រាក់ចំណូលពីអាជីវកម្ម កាស៊ីណូ ទ្វេដងសម្រាប់ប្រទេសកម្ពុជា៕