ខេត្តបាត់ដំបង រៀបចំ​ ​​ផ្សារ​ចុង​សប្ដាហ៍ ដើម្បី​​លក់​​បន្លែ​​សុវត្ថិភាព ​និង​​ផលិតផល​​ក្នុង​ខេត្ត​

627

​បាត់ដំបង​៖ ​អាជ្ញាធរខេត្ត ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បានរៀបចំ​ឱ្យ​មាន​ផ្សារ​ចុង​សប្ដាហ៍​មួយ​ ដោយបើកលក់ ​ចាប់ពី​ថ្ងៃ​សុក្រ ​ដល់​ថ្ងៃអាទិត្យ ដែលមាន​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ផ្ដល់ឱកាស​ដល់​កសិករ​លក់​នូវ​បន្លែ​សុវត្ថិភាព ​ឬ​បន្លែ​សរីរាង្គ សាច់មាន់​ស្រែ រួមទាំង​ផ្លែឈើ និងផលិតផល​កែច្នៃ​ផល​កសិកម្ម​ផ្សេងៗទៀត ដែលជាផលិតផលក្នុងខេត្តមួយនេះ​។​

បើតាមលោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ឱ្យដឹងថា ការរៀបចំ​ឱ្យ​មាន​ផ្សារ​ចុង​សប្ដាហ៍​​នេះ គឺដើម្បី​ផ្សព្វផ្សាយ និងលើកស្ទួយ​ផលិតផល​ក្នុងស្រុក ឱ្យ​បាន​ដល់​អ្នកប្រើប្រាស់ ដើម្បីស្គាល់ពីផលិតផល​ដែល​ដាំ​ក្នុងស្រុក ​និង​គុណភាព​របស់​វា។

លោកប្រធានមន្ទីរ បានឱ្យដឹងបន្ថែមថា នៅពេល​មាន​ទីផ្សារ​ច្បាស់លាស់ មាន​អ្នកគាំទ្រ​ច្រើន​នោះ នឹងធ្វើ​ឱ្យមានការផលិត​កាន់តែច្រើន ហើយ​កាន់តែ​ធ្វើ​ឱ្យ​អ្នក​ផលិត ​មាន​ជីវភាព​ល្អប្រសើរ​និង​អ្នកទិញ​ក៏បាន​ដឹង បាន​បរិភោគ​ និងប្រើប្រាស់​របស់​មាន​សុវត្ថិភាព ព្រោះ​របស់​ទាំងអស់នោះ មាន​ប្រភព​ត្រឹមត្រូវ​។​

លោក គឹម ហួត បានអះអាងថា ក្រុម​កសិករក្នុងខេត្ត ​បាន​យក​ផលិតផល​កសិកម្ម​មក​លក់​ក្នុង​ផ្សារ​នេះ និងបាន​លើកឡើងថា ពួកគេ​សប្បាយចិត្ត​ជាខ្លាំង ដែល​​បង្កើត​ឱ្យ​មាន​ផ្សារ​នេះឡើង ព្រោះ​វា​បានផ្ដល់​ឱកាស​ឱ្យកសិករ​កាន់តែ​មាន​ទី​ផ្សារ​ច្រើន​បន្ថែមទៀត ក្នុង​ការលក់​ផលិត​កសិកម្ម​របស់ខ្លួន ។​

​សូមបញ្ជាក់ថា ផ្សារ​ចុង​សប្ដាហ៍​នេះ គឺ​ស្ថិតក្នុង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ហៅ​កាត់​ថា​ អេ​ម របស់​រាជរដ្ឋាភិបាល ធ្វើឡើង​បន្ទាប់ពី​គម្រោង​មួយ​នេះ ទទួលបាន​នូវ​លទ្ធផល​ល្អជា​បន្តបន្ទាប់ ពី​ការសម្របសម្រួល​នានា មានការ​ផ្ដល់ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ការជួយ​រក​អ្នកបច្ចេកទេស​បង្រៀន​ធ្វើ​កសិកម្ម​មួយចំនួន និង​រក​ទីផ្សារ​ផ្សេងៗ​ជាដើម ហើយ​កសិផល​មួយចំនួន​មក​ដាក់លក់​ក្នុង​ផ្សារ​នេះ ក៏មាន​ការគាំទ្រ​ការដាំដុះ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផងដែរ​៕